(ព្រះសីហនុ)៖ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ចាងហ្វាងកាសែត TN រួមទាំងមនុស្ស៥នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នាំខ្លួនយកទៅសួរនាំពាក់ព័ន្ធបញ្ហាដីធ្លីកាលពីពេលកន្លងទៅថ្មីៗ ស្ថិតនៅក្រុងព្រះសីហនុ។
ពួកគេទាំង ៧នាក់ ត្រូវបានមន្ដ្រីអាវុធហត្ថបាននិងកំពុងសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីមានវិធានការបន្ដទៀត ពាក់ព័ន្ធទៅនឹងបទល្មើសហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត។
មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មនុស្សទាំង ៧នាក់ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ជាបន្ដបន្ទាប់ ដោយ៥នាក់ដំបូង ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០៖៥៥នាទីព្រឹកមិញ ហើយឈានទៅដល់ការឃាត់ខ្លួន មនុស្ស២នាក់ទៀត ជាអ្នកសារព័ត៌មាន នៅវេលាម៉ោង១២៖១៥នាទី រសៀលថ្ងៃដដៃលនេះ។
យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថ បានបញ្ជាក់ថា មនុស្សទាំង៧នាក់រួមមាន៖
*ទី១៖ លោក ហ៊ុន សុខា អាយុ៤៦ឆ្នាំ មុខរបរប្រធានក្លឹបអ្នកកាសែតឯករាជ្យ ទីលំនៅបច្ចុប្បន្នភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
*ទី២៖ លោក កែវ រតនា អាយុ៣៣ឆ្នាំ មុខរបរចាងហ្វាងកាសែត TN ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៨ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ
*ទី៣៖ ស្រី្តឈ្មោះ ហង្ស ចិន្ដា អាយុ៥២ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី៤៖ ស្រ្តីឈ្មោះ ហង្ស សុភា អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី៥៖ ស្រ្តីឈ្មោះ សែន លក្ខិណា អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី៦៖ ស្រ្តីឈ្មោះ ប៉ែន ស៊ឺណា អាយុ៥៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី៧៖ លោក ហេង រយ៉ូង អាយុ៥០ឆ្នាំ មុខរបរប្រជាការពារ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ៕