(ព្រះវិហារ)៖ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានជំរុញឱ្យគណៈគ្រូពេទ្យខេត្តព្រះវិហារ ត្រូវសហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីលុបបំបាត់ឱ្យអស់អ្នកដែលព្យាបាលជំងឺ ដែលមិនមែនជាគ្រូពេទ្យ។
ការជំរុញបែបនេះ របស់លោក ធា គ្រុយ បានធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកសាស្ត្រចារ្យបានអញ្ជើញ ចូលរួមក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី២ នៅខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានគណៈគ្រូពេទ្យខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក១៦ មករា និងគ្រូពេទ្យជាច្រើនរូបទៀតផងដែរ។
នៅក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងថា គណៈគ្រូពេទ្យមានតួនាទីច្បាស់លាស់ គឺគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ ហើយនិងការប្រកបវិជ្ជាជីវៈ របស់គ្រូពេទ្យ ដោយធានាថាអ្នកដែលកំពុងមើលជំងឺជាការងារព្យាបាល គឺសុទ្ធតែជាគ្រូពេទ្យ។ ទន្ទឹមនិងនោះត្រូវលុបបំបាត់ឱ្យអស់ អ្នកដែលព្យាបាលជំងឺមិនមែនជាគ្រូពេទ្យ។
លោកសាស្ត្រាចារ្យ ធា គ្រុយ បានគូសបញ្ជាក់ទៀតថា តើធ្វើដូចម្តេចទើបដឹងថាអ្នកដែលព្យាបាលជំងឺជាគ្រូពេទ្យ លោកថាដើម្បីធានាថាអ្នកទាំងអស់ ដែលព្យាបាលជំងឺជាគ្រូពេទ្យ គឺមានសញ្ញាបត្រចេញពីសាលាពេទ្យ និងទទួលស្គាល់ដោយក្រសួងសុខាភិបាល។ ជាមួយគ្នានោះលោកថា ចំពោះអ្នកដែលមានទោសឧក្រិដ្ឋ គឺមិនឱ្យធ្វើពេទ្យទេ ព្រោះបាត់បង់សេចក្តីថ្លៃថ្នូរ នៃការប្រកបវិជ្ជាជីវៈមួយនេះ។ មិនអាចឱ្យអ្នកមានទោសឧក្រិដ្ឋម្នាក់ មើលជំងឺបានទេ ព្រោះការមើលជំងឺ គឺទាមទាច្រើនណាស់រួមមានសមត្ថភាពវិជ្ជាជីវៈជាដើម។
ជាមួយគ្នានោះ រដ្ឋលេខាធិការ បានបន្តថា អ្នកប្រកបវិជ្ជាជីវៈជាគ្រូពេទ្យ ឬអ្នកព្យាបាលជំងឺដែលអត់ចុះបញ្ជីការជាមួយគណៈគ្រូពេទ្យ និងទាំងអត់មានអាជ្ញាបណ្ណ ពីគណៈគ្រូពេទ្យអាចជាបុគ្គលគ្មានសញ្ញាបត្រ ឬជំនាញពេទ្យបង្កគ្រោះថ្នាក់ដល់ជីវិតអតិថិជន, អាចជាពេទ្យមានសញ្ញាបត្រត្រឹមត្រូវ តែមិនមានសមត្ថភាព និងកាយសម្បទាមាំទាំ។
លោកសាស្ត្រាចារ្យ ធា គ្រុយ បានបន្ថែមទៀតថា គ្រូពេទ្យមានសញ្ញាបត្រត្រឹមត្រូវ មានកាយសម្បទាត្រឹមត្រូវ តែខ្ជីខ្ជាមិនបានចុះបញ្ជីការ មានអាជ្ញាបណ្ណត្រឹមត្រូវផ្តល់ ដោយគណៈគ្រូពេទ្យសួរថាអាចប្រកបវិជ្ជាជីវៈបានដែរ ឬទេ លោកសង្កត់ធ្ងន់ថាទោះ ក្នុងប្រភេទណាមួយក៏ដោយ អ្នកព្យាបាលជំងឺទាំងឡាយ ដែលមិនមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ផ្តល់ដោយគណៈគ្រូពេទ្យអាចប្រឈម និងទោសទណ្ឌជាទោសព្រហ្មទណ្ឌ។
លោកក៏បានណែនាំឱ្យគណៈគ្រូពេទ្យខេត្តព្រះវិហារ ត្រូវកាត់បន្ថយអាត្រាហួសសុពលភាពអាជ្ញាបណ្ណនៅក្នុងខេត្ត ឱ្យនៅចំនួនតិចបំផុត និងជំរុញឱ្យគណៈគ្រូពេទ្យខេត្តត្រូវធ្វើទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ យ៉ាងហោចណាស់ឱ្យបានមួយឆ្នាំ២ដង៕