(ភ្នំពេញ)៖ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានសហការជាមួយវិទ្យាស្ថានមេគង្គ ដែលឧបត្ថម្ភថវិកា ដោយប្រទេសនូវែលសេឡង់ បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារដល់ម្ចាស់ និងអ្នកគ្រប់គ្រងភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន៤២រូប ដែលអញ្ជើញមកពីភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន៣៩កន្លែង ក្នុងរាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅសប្តាហ៍នេះ ក្រោមអធិបតីលោកឱសថបណ្ឌិត ហេង ប៊ុនគនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល និងមានការចូលរួមពីលោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃក្រួសួងសុខាភិបាល នៅសណ្ឋាគារភ្នំពេញ ។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនោះ លោកឱសថការី អាំង ហុកស្រ៊ុន បានបង្ហាញជូនដល់វគ្គបណ្តុះបណ្តាលអំពីការផ្ទុះឡើងនៃការពុលចំណីអាហារ ដែលកើតមានក្នុងប្រទេសដោយគិតចាប់តាំងពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០១៩ ដែលការផ្ទុះឡើង នៃការពុលចំណីអាហារនេះ បានបណ្តាលឱ្យមានការខាតបង់ថវិកាគ្រួសារ និងថវិកាជាតិជាច្រើន ថែមទាំងប៉ះពាល់ដល់មុខរបររបស់បងប្អូនទៀតផង។
លោកបានបន្ថែមទៀតថា ដូចនេះវត្ថុបំណងនៃវគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺនឹងបង្ហាញជូនដល់លោក លោកស្រី ដែលបាននិងកំពុងប្រកបអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន បានយល់ដឹងឱ្យបានស៊ីជម្រៅនូវចំនុចសំខាន់មួយចំនួន ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការពុលចំណីអាហារ ក៏ដូចជាការពង្រីក និងបង្កើនភ្ញៀវទេសចរណ៍ក្នុងអាជីវកម្មរបស់ខ្លួនផងដែរ។
ថ្លែងក្នុងឱកាសនោះដែរ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត បានផ្តល់ជាអនុសាសន៍ដល់វគ្គបណ្តុះបណ្តាលលើចំនុចសំខាន់ៗមួយចំនួនដូចជា៖
ទី១៖ ការជ្រើសទិញវត្ថុធាតុដើម ដូចជាបន្លែ ត្រី សាច់ គ្រឿងសមុទ្រ គ្រឿងទេសសម្រាប់រៀបចំអាហារ ត្រូវមានអនាម័យ គុណភាព និងសុវត្ថិភាព និងមានប្រភពកន្លែងផលិតលក់ច្បាស់លាស់
ទី២៖ ការប្រើប្រាស់ទឹកស្អាតសម្រាប់លាងសំអាតបន្លែ ត្រីសាច់ ចាន ឆ្នាំង សម ស្លាបព្រាជាដើម។ បន្ថែមពីនេះទឹកក៏ជាវត្ថុធាតុដើមមួយដ៏សំខាន់ក្នុងការងារដាំ ស្ល និងផលិតកម្មផ្សេងៗ
ទី៣៖ ការថែរក្សាទុកដាក់វត្ថុធាតុដើម និងផលិតផលចំណីអាហារឱ្យនៅក្នុងឃ្លាំង ឬក្នុងបន្ទប់ប្រកបដោយអនាម័យ មានបិតស្លាកសញ្ញាសំគាល់ និងស្ថិតក្នុងសីតុណ្ហភាពសុវត្ថិភាព។
ទី៤៖ ទុកដាក់ និងលាងសំអាតសម្ភារប្រើប្រាស់គ្រប់ប្រភេទ ជាមួយទឹកស្អាត និងសារធាតុគីមីសម្រាប់សម្លាប់មេរោគ (Detergent) ឱ្យបានត្រឹមត្រូវ។
ទី៥៖ អនាម័យទីកន្លែងចំអិន កន្លែងភ្ញៀវបរិភោគ កន្លែងលាងសំអាតដៃ ជូតសំអាតបន្ទប់អនាម័យ និងមានសាប៊ូលាងដៃ ក្រដាសស្អាតជូតដៃឱ្យបានគ្រប់គ្រាន់ និងចៀសវាងកុំឱ្យសត្វចិញ្ចឹមចូលក្នុងបរិវេណលក់ដូរចំណីអាហារ។
ទី៦៖ គ្រប់បុគ្គលិកពាក់ព័ន្ធក្នុងការងាររៀបចំចំណីអាហារ ចំអិនចំណីអាហារ បម្រើភ្ញៀវ ត្រូវយល់ដឹងពីអនាម័យ និងមានវិន័យការងារឱ្យបានល្អត្រឹមត្រូវ
ទី៧៖ ការទុកដាក់ចំណីអាហារបម្រុងក្នុងទូទឹកកកក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាព និងចំអិនអាហារឱ្យបានឆ្អិនល្អ។
គួរបញ្ជាក់ផងដែរថា នៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិកា្ខកាមចំនួន៤២រូប បានទទួលវិញ្ញាបនបត្របញ្ជាក់ចូលរួមវគ្គ។ ក្នុងឱកាសនោះដែរម្ចាស់ និងតំណាងភោជនីយដ្ឋានចំនួន១០ផ្សេងទៀត បានមកទទួលវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អពីក្រសួងសុខាភិបាលផងដែរ៕