(ព្រៃវែង)៖ លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចាត់ឲ្យលោកស្រី អ៊ុក មាសសូលីណា នាយិកាសាខានៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដឹកនាំក្រុមប្រតិបត្តិសាខាអនុសាខាក្រុងព្រៃវែង អាជ្ញាធរភូមិ-សង្កាត់ មណ្ឌលសុខភាពគោកគង់កើត អ្នកស្ម័គ្រចិត្តសរុប៦៦នាក់ ស្រី២២នាក់ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសហគមន៍ ស្តីពីការបង្ការ ការការពារជំងឺគ្រុនឈាម និងសម្អាតបរិស្ថានដើម្បីបំបាត់ជម្រកមូសខ្លា នៅក្នុងភូមិជើងទឹក (ក) សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
យុទ្ធនាការនេះ ធ្វើឡើងដើម្បីអប់រំផ្សព្វផ្សាយនូវសារមួយចំនួនដល់ប្រជាពលរដ្ឋដូចជា៖
*ទី១៖ ត្រូវរួមគ្នាជួយកំចាត់ប្រភពមូសខ្លា តាមរយៈការកាប់ឆ្ការព្រៃ បំបាត់កុំឲ្យមានវត្ថុដក់ទឹកនៅក្នុង ឬជិតផ្ទះ ត្រូវលាងសំអាតពាង ឫអាងទឹក។ល។
*ទី២៖ ការពិនិត្យដង្កូវទឹក ក្រោយពេលដាក់ថ្នាំអាបែតបំបាត់ដង្កូវទឹកតើមានដង្កូវទឹកនៅក្នុងពាងឬអាងដែរឬទេ។
គ្រប់ករណីសង្ស័យមានជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៊ុយប្រ៉ូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាមនោះឡើយ៕