(ត្បូងឃ្មុំ)៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម បានបន្តធ្វើជាលើកទី៤ នៅស្រុកក្រូចឆ្មារនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក កែវ វណ្ណៈ រួមជាមួយអាជ្ញាធរស្រុកក្រូចឆ្មារ ព្រមទាំងលោកគ្រូអ្នកគ្រូពេទ្យ និងសិស្សានុសិស្ស បន្តចុះលុបបំបាត់ជម្រកមូសខ្លា នៅឃុំទ្រាបាន៣ភូមិ គឺភូមិទ្រា១ ទ្រា២ ទ្រា៣ ចំនួន៩៧២ខ្នងផ្ទះ ដាក់ថ្នាំអាបែតក្នុងពាង២៩១៦ និងអាង១៨៩ ប្រភពដក់ទឹកនានា ព្រមទាំងបាញ់ថ្នាំសំលាប់សត្វមូស និងចុះពន្យល់ណែនាំប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រភព និងផលប៉ះពាល់នៃជំងឺគ្រុនឈាម។
លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា បន្ទាប់ពីមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការលុបបំបាត់ប្រភពមូសខ្លា ជាភ្នាក់ងារ នៃជំងឺគ្រុនឈាម ពិសេសក្រោមការយកចិត្តទុកដាក់ពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើឱ្យអត្រាអ្នកកើតជំងឺគ្រុនឈាម បានថយចុះមកវិញ។
លោក កែវ វណ្ណៈ បានបញ្ជាក់ថា ទោះបីជាយ៉ាងនេះក្តី មន្ទីរសុខាភិបាលខេត្ត រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែបន្តចុះធ្វើយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម អោយបានផុសផុលគ្រប់ទីប្រជុំជនទូទាំងខេត្ត។
ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ឱ្យជួយសហការអប់រំ ទៅដល់អ្នកធ្វើអាជីវកម្ម ដែលពាកព័ន្ធ ជុំវិញការផ្ទុកសំបកកង់រថយន្ត កង់ម៉ូតូ ដែលជាប្រភពចម្លងយ៉ាងចម្បងបំផុត ជាភ្នាក់ងារចម្លងធំ ដែលបង្កើតជម្រកមូសខ្លា ហើយបង្កើតជាបញ្ហា នៃជំងឺគ្រុនឈាម ជាពិសេសដើម្បីរួមគ្នាការពារសុខភាពបង្ការ ការឈឺនិងស្លាប់ ដោយសារជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាព៕