(ក្រចេះ)៖ មន្រ្តីកាំកុងត្រូលខេត្តក្រចេះដឹកនាំដោយលោក យាង បាក អនុប្រធានសាខា សហការជាមួយអាជ្ញាធរ និងមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យមុខទំនិញម្ហូបអាហារ បន្លែ ភេសជ្ជៈ ដែលដាក់តាំងលក់នៅផ្សារសំបូរ និងផ្សារសាម្គីសណ្ដាន់ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ ដោយរកឃើញទំញខូចគុណភាពជាច្រើនមុខ និងហួសកាលបរិច្ឆេទ រួចហើយក្រុមការងារបានដកហូតយកទៅទុកបំផ្លាញចោល។
លោក យាង បាក់ បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើមុខទំនិញជាច្រើនប្រភេទ ក្នុងនោះនៅផ្សារសំបូរ មន្រ្តីរកឃើញសាធាតុ Salicylic Acid នៅក្នុងជ្រក់ស្ពៃចំនួន ១៣គីឡូក្រាម និងបានរកឃើញសារធាតុ ដែលហាមឃាត់មានឈ្មោះសូដ្យូមអ៊ីដ្រូស៊ីលសូហ្វីត (Sodium Hydrosulfite) នៅក្នុងស្ករត្នោតចំនួន២៦គីឡូក្រាម ត្រូវបានដកហូតយកទៅបំផ្លាញចោល។
លោកអនុប្រធាន បញ្ជាក់ទៀតថា សារធាតុ Salicylic Acid (អាស៊ីតសាលីស៊ីលិច) ជាសារធាតុគីមីអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ វាជាសារធាតុគីមី ត្រូវបានគេហាមឃាត់សម្រាប់ប្រើ ជាមួយសារធាតុបន្ថែម ក្នុងផលិតផលម្ហូបអាហារ ប៉ុន្តែគេសង្កេតឃើញថា នៅលើទីផ្សារបច្ចប្បន្ន មានប្រើប្រាស់សារធាតុនេះ ក្នុងផលិតផលអាហារជាច្រើន។
សាធាតុនេះផលប៉ះពាល់ដល់សុខភាព ក្នុងកំហាប់ ២៥ ទៅ៣០mg ក្នុងឈាម ១០០ml អាចបណ្ដាលឲ្យ ក្អួត វិលមុខ ក្ដៅខ្លួន និងស្លាប់។ ចំពោះសារធាតុ Sodium Hydrosulfite (ម្សៅស) ជាសារធាតុគីមីអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ វាជាសារធាតុគីមី ដែលអ្នកបានដាក់បន្ថែម ក្នុងផលិតផលអាហារ ធ្វើឲ្យអាហារមានភាពស្រស់បានយូ មិនឆាប់ជាំខ្មៅ បាត់សោភ័ណ្ឌភាព។ ប៉ុន្តែសារធាតុនេះ ត្រូវបានគេហាមឃាត់មិនឲ្យប្រើក្នុងផលិតផលម្ហូបអាហារនោះ។ ផលប៉ះពាល់ដល់សុខភាព អាចបណ្ដាលឲ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ និងរាគរូស។ សម្រាប់អ្នកទាស់ចំណីអាហារធ្ងន់ធ្ងរ ឬអ្នកជំងឺដែលមានរោគហឺត វាអាចបណ្ដាលឲ្យរន្ធត់ញាប់ញ័រ ភ្លឹកស្មារតី និងអាចស្លាប់បាន។
ព្រឹកថ្ងៃដដែល ក្រុមការងារចុះពិនិត្យនៅផ្សារសាម្គីសណ្ដាន់ បានពិនិត្យរកឃើញទំនិញហួលកាលបរិច្ឆេទ ត្រូវបានរឹបអូសយកទុកបំផ្លាញចោល រួមមាន៖ ទឹកក្រូចដបចំនួន ១៨ដប ស្មើ១៨គីឡូក្រាម ទឹកផ្លែឈើចំនួន ១៧ដប ស្មើ២៥គីឡូក្រាម ទឹកក្រូចដបជ័រចំនួន ២១ដុំ ស្មើ២៥គីឡូក្រាម ភេសជ្ជះហ្វាន់នីចំនួន ២០ដប ស្មើ៦គីឡូក្រាម និងអូអិឆីគ្រីនធី (oishi green tea) ចំនួន ៦ដប។
លោកអនុប្រធានរូបនោះ បានបន្ដទៀតថា ការធ្វើតេស្តទៅលើមុខទំនិញ ដែលហួសការបរិច្ឆេទ និងមុខទំនិញ បន្លែ ម្ហូបអាហារ ដែលមានសារធាតុគីមីនោះ ត្រូវបានមន្រ្តីជំនាញណែនាំ និងអប់រំបងប្អូនអាជីវករ មិនឲ្យពួកគាត់ដាក់តាំងលក់ម្ហូបអាហារ ឬទំនិញមានសាធាតុគីមី និងហួសការបរិច្ឆេទនោះទេ។
លោកបន្តទៀតថា លោកនឹងដឹកនាំមន្រ្តីរបស់លោកចុះត្រួតពិនិត្យ ជាប្រចាំដើម្បីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ហើយលោកសូមអំពាវនាវដល់បងប្អូនអាជីវករទូទាំងខេត្តក្រចេះ កុំឲ្យដាក់លក់ទំនិញ ហួសការបរិច្ឆេទ និងទំនិញមានសារធាតុគីមីព្រោះថា សារធាតុទាំងនេះ ធ្វើប៉ះពាល់សុខភាពជាខ្លាំង៕