(កំពង់ចាម)៖ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំកម្មពិធីប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៩ រួមទាំងការផ្សព្វផ្សាយផែនការការងារជំនាញកសាងកម្លាំង។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមធិបតីភាព លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យមេបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុក ក្រុង និងប្រធានស្នាក់ការសន្តិសុខ នាយ នាយរង អាវុធហត្ថ
ជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ដ្រីអាវុធហត្ថទាំងអស់ ត្រូវតែបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិសេសមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសណាមួយនោះឡើយ។

បន្ថែមពីនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើរកឃើញណាមន្ដ្រីអាវុធហត្ថមួយរូបណា ដែលមានពាក់ព័ន្ធជាមួយបទល្មើសនោះ នឹងត្រូវអនុវត្តតាមវិន័យរបស់កងកម្លាំងភ្លាមៗ ហើយបើធ្ងន់ធ្ងរអាចឈានដល់បញ្ជូនសំណុំរឿងទៅតុលាការផងដែរ៕