(ឧត្តរមានជ័យ)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអមដំណើរដោយលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ រួមទាំងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះពិនិត្យ និងចាត់វិធានការបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋប្រមាណជា៨០០ហិកតា ស្ថិតក្នុឃុំ ជើង ទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ដោយពិនិត្យឃើញថាទីតាំងខាងលើមានប្រភពទឹកគ្រប់គ្រាន់ ប៉ុន្តែខ្វះមាស៊ីនបូមទឹកនោះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានទាក់ទងសុំលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជួយបញ្ចេញមាស៊ីនបូបទឹករបស់សម្តេចតេជោ ហ៊ុន សែន ជាបន្ទាន់ដើម្បីបូមទឹកជួយសង្គ្រោះស្រូវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ម៉ាស៊ីនបូបទឹកចំនួន៥គ្រឿងត្រូវបានបញ្ចេញបូបទឹកសង្គ្រោះផលដំណាំស្រូវជូនប្រជាពលរដ្ឋ។ ក្នុងពេលចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានសំណូមពរ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ជួយបញ្ចេញម៉ាស៊ីនទឹកទៅបណ្តាខេត្តក្រុងផ្សេងទៀត ដែលកំពុងជួបគ្រោះរាំងស្ងួត និងបណ្តាមន្ទីពាក់ពន្ធ័ផ្សេងៗ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តនីមួយៗ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្រូវក្តាប់សភាពការណ៍ទឹកឲ្យបានល្អ និងខិតខំជួយដោះស្រាយបញ្ហាកង្វះខាតទឹកឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
តំណាងអាជ្ញាធរឃុំ និងបណ្តាមន្ទីពាក់ពន្ធ័ ជំនួសមុខឱ្យប្រជាពលរដ្ឋនៅទីតាំងខាងលើ បានសំដែងនូវការសប្បាយរីក ដឹងគុណ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ លើបញ្ហាកង្វះខាតទឹក ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្នបានទាន់ពេលវេលា៕