(បាត់ដំបង)៖ ប្រជាពលរដ្ឋ និងអាជ្ញាធររួមនឹងក្រុមការងារថ្នាក់ជាតិ ក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រមាណ១០០នាក់ បានចូលរួមវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។
វេទិកាសាធារណៈដែលរៀបចំធ្វើនៅបរិវេណសាលាសង្កាត់អូរម៉ាល់ ក្រោមអធិបតីភាពលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានចាត់ទុកថាជាវេទិកាសាធារណៈ ដ៏មានសារសំខាន់ដើម្បីរួមគ្នាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះឲ្យកាន់តែប្រសើរឡើង។
ក្នុងវេទិកាដែលបើកទូលាយដល់ប្រជាពលរដ្ឋបានបញ្ចេញមតិ ទស្សនៈ និងលើកឡើងពីបញ្ហារបស់ពួកគាត់នេះ មានប្រជាពលរដ្ឋជាច្រើនបានលើកជាសំណួរ និងសំណូមពរ ដល់ក្រុមការងារដោះស្រាយ។ បញ្ហាដែលពលរដ្ឋបានលើកឡើងមាន ដូចជា ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី ប្រឡាយទឹក បញ្ហាគ្រឿងញឿន អគារសិក្សា និងសេវារដ្ឋបាលសាធារណៈជាដើម។ ប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់បានបង្ហាញពីក្តីរីករាយចំពោះ ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែស្វែងយល់ពីសុខទុក្ខពលរដ្ឋ ហើយដោះស្រាយរាល់កង្វល់របស់ពួកគាត់ ទាន់ពេលវេលា។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្តាប់ការលើកឡើងរបស់ពលរដ្ឋដោយយកចិត្តទុកដាក់ ហេីយបានឆ្លេីយនូវសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងច្បាស់លាស់ ដោយផ្តោតនិងបានធ្វើការវាយតម្លៃពីគន្លឹះបញ្ហាទាំងឡាយ ដែលបងប្អូនប្រជាពលរដ្ឋលើកឡើងនៅក្នុងអង្គវេទិកាថ្ងៃនេះប្រកបដោយស្មារតីយោគយល់ ស្មោះត្រង់ចំបញ្ហាដែលជាតម្រូវការពិតប្រាកដរបស់មូលដ្ឋាននិងជាប្រយោជន៍សាធារណៈក្នុងសង្កាត់របស់ខ្លួន។
លោកអភិបាលក្រុងបាត់ដំបង ក៏បានសម្តែងការកោតសរសើរចំពោះពលរដ្ឋ ដែលបានគំាទ្រដល់ការដឹកនាំរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។ អ្វីដែលពលរដ្ឋបានលើកឡើង លោកអភិបាលក្រុងសន្យាថា នឹងជំរុញដល់សមត្ថកិច្ចជំនាញដោះស្រាយតាមការទទួលខុសត្រូវរបស់ខ្លួន។
ក្នុងចំណោមបញ្ហា ដែលប្រជាពលរដ្ឋបានលើកឡើងលោក ឡេង ប៉េងឡុង បានសង្កេតឃើញថា ការស្តារប្រឡាយទឹក និងការជួសជុល អាគារសិក្សា ដែលចាស់ទ្រុឌទ្រោម និងការពង្រឹងការផ្តល់សេវាសាធារណៈជារឿងអាទិភាព ដែលត្រូវដោះស្រាយជាបន្ទាន់ជូនពលរដ្ឋ។
លោកប្រធានក្រុមការងារ បានជំរុញឲ្យក្រុមការងារបន្តសកម្មភាពចុះតាមភូមិ តាមផ្ទះ និងជួបប្រាស្រ័យផ្ទាល់ជាប្រជាពលរដ្ឋបន្តទៀត ពិសេសបន្តការរៀបចំវេទិកាសាធារណៈនេះ ឲ្យបានទៀតទាត់ ដើម្បីក្តាប់ពីកង្វល់និងបញ្ហាហើយខិតខំដោះស្រាយឲ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវជូនម្ចាស់ឆ្នោត៕