(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសដាក់ជីវិតរបស់ខ្លួនជាមួយនឹងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងប្រទេសនាដំណាក់កាលចុងក្រោយនេះ ឲ្យខាងតែបាន ដើម្បីទុកជូនក្មេងជំនាន់ក្រោយ និងបានដាក់បទបញ្ជាដកគ្រវាត់ចោលលើមន្ដ្រីអាវុធហត្ថទាំងឡាយណា ទោះមានបុណ្យស័ក្ដិខ្ពស់ប៉ុណ្ណា បើសិនរកឃើញនៅជាប់ពាក់ព័ន្ធបទល្មើសជាមួយក្រុមឈ្មួញ។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឲ្យសមាជិក និងមន្ដ្រីទាំងអស់នៅក្នុងគណៈកម្មការជាតិរបស់ខ្លួនកត់ឈ្មោះ អ្នកដែលយកឈ្មោះថ្នាក់ដឹកនាំរបស់ជាតិ ទៅបន្លាចសមត្ថកិច្ច ដើម្បីប្រព្រឹត្តបទល្មើសព្រៃឈើ ដើម្បីមានវិធានការតាមផ្លូវច្បាប់ និងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនបុគ្គលទាំងឡាយណា បូករួមទាំងជនបរទេសដែលបានជះលុយឲ្យមកកាប់ឈើនៅលើទឹកដីខ្មែរ ដែលជាប់ពាក់ព័ន្ធបើទោះបីលាក់ខ្លួននៅក្នុងប្រទេស ឬគេចទៅកាន់បរទេសក៏ដោយនោះ។
នៅក្នុងសារសំឡេងដែលផ្ញើជូនសមាជិកគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ដូច្នេះថា «សរុបសេចក្ដីមកត្រឹមត្រូវ ការពារដាច់ក្បាលចោល ខុសប្រឆាំងដាច់ខាតកាត់ក្បាលក្រវ័តចោល អស់អាយុជីវិតក៏ធ្វើដែរ ដើម្បីព្រៃឈើនៅសេសសល់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល គឺមានតម្លៃ ហើយសូមគ្រប់ខេត្តទាំងអស់ ធ្វើការផ្សព្វផ្សាយការងារនេះឲ្យបានច្បាស់។ អាវុធហត្ថណាដែលប្រើឲ្យទៅធ្វើការងារ បែរជាឆ្លៀតឱកាសទៅផ្សំគំនិតជាមួយគេយកលុយ ខ្ញុំរកឃើញគឺមុនគេបំផុតអនុវត្តវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ បើជាបទល្មើស ត្រូវបញ្ជូនទៅតុលាការ...ហើយរហូតមកដល់ម៉ោងនេះ គ្មានទេពាក្យថា ខ្លាច និងគ្មានទេពាក្យថា ចាញ់ ដែលពាក្យទាំងពីរម៉ាត់នេះ មិនត្រូវយកមកប្រើទៀតនោះឡើយ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានផ្ញើសារជូនមន្ដ្រីរបស់ខ្លួន បើស្ទាក់ស្ទើរក្នុងការភារកិច្ចនេះ សូមសរសេរលិខិតមកដើម្បីលោកស្នើសុំទៅ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពិជ័យសេនា ទៀត បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការពារជាតិ ដើម្បីសុំបញ្ឈប់តំណែង។
សូមបញ្ជាក់ថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កំពុងធ្វើប្រតិបត្តិការយ៉ាងក្តៅគគុកក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ ប្រតិបត្តិការលើកនេះ ត្រូវបានមន្ត្រីបញ្ជាក់ថា គ្មានការបន្ធូរបន្ថយ ឬយោគយល់ទៀតនោះឡើយ អ្នកប្រព្រឹត្តបទល្មើសទោះអ្នកតូច អ្នកធំ អ្នកមានលុយ មានឥទ្ធិពល គឺត្រូវបង្ក្រាបទាំងអស់៕