(បាត់ដំបង)៖ លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំឱ្យសហគ្រាស ដែលប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម អនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ ដែលពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធដារ និងណែនាំឱ្យសាខាពន្ធដារខេត្តទាំងអស់ បន្តផ្សព្វផ្សាយនូវច្បាប់ និងបទប្បញ្ញត្តិស្តីពី ពន្ធដារឱ្យបានទូលំទូលាយ ក៏ដូចជាពង្រឹងការផ្តល់សេវា ដល់អ្នកជាប់ពន្ធឱ្យមានប្រសិទ្ធភាពខ្ពស់។
ការណែនាំបែបនេះរបស់លោក វ៉ាន់ ពុទ្ធិពល បានធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម» នៅសណ្ឋាគារខេមរា បាត់ដំបង១ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្ត បានបញ្ជាក់ថា យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានកំណត់ជាអាទិភាពដោយលើកលែងមិនយកពន្ធលើវិស័យកសិកម្ម ជាពិសេសចំពោះកសិករទូទៅដែលប្រកបរបរកសិកម្ម។
លោក វ៉ាន់ ពុទ្ធិពល ក៏ធ្វើការផ្សព្វផ្សាយនូវបទប្បញ្ញត្តិ ដែលពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសប្រកបអាជីវកម្ម ក្នុងវិស័យកសិកម្មដូចជា កាអនុគ្រោះនូវអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ ចំពោះការនាំចូល និងការផ្គត់ផ្គង់ទំនិញមួយចំនួន ដូចជា ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ បសុឱសថ ចំណីសត្វ និងចំណីបន្ថែម ពូជសត្វគ្រប់ប្រភេទ គ្រឿងយន្ត និងឧបករណ៍កសិកម្មប្រភេទ។ ការលើកលែងអាករ លើតម្លៃបន្ថែម លើការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ ផ្តល់ការលើកលែងអាករលើតម្លៃបន្ថែម លើការផ្គត់ផ្គង់ ផលិតផលកសិកម្មមិនទាន់កែច្នៃដែលមានដូចជា៖ ឫស មើម ដើម សំបក ផ្លែ ផ្កា ឬគ្រាប់នៃរុក្ខជាតិ ដែលបានមកពីការធ្វើកសិកម្មដាំដុះ ទោះមិនទាន់កិន ឬកិនបំបែករួចហើយក្តី និងដែលមិនទាន់ត្រូវបានយកទៅកែច្នៃជាផលិតផលផ្សេង។ ផលិតផលកសិកម្មមិនទាន់កែច្នៃ ក៏រួមបញ្ចូលនូវគ្រាប់ធញ្ញជាតិនានា រួមទាំងស្រូវអង្ករផងដែរ និងការលើកទឹកចិត្តអាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូលពន្ធអប្បបរមា ពន្ធកាត់ទុកលើសេវា។
លោកបានឱ្យដឹងថា អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ សហគ្រាសដែលផ្គត់ផ្គង់ទំនិញឬសេវាឱ្យដល់សហគ្រាសផលិត ផ្គង់ផ្គត់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែកម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូ អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ដំណាច់ឆ្នាំ២០២៣ និងត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូលដែលទាក់ទិននឹងការផ្គត់ផ្គង់នេះ។ ការព្យួរទុកជាបណ្តោះអាសន្ន នូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល សហគ្រាសផលិត ផ្គង់ផ្គត់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែកម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូត្រូវបានព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ សម្រាប់រយៈពេល ០៥ឆ្នាំ គិតចាប់ពីខែមករា ឆ្នាំ២០១៩ រហូតដល់ដំណាច់ឆ្នាំ ២០២៣។
ការលើកលែងពន្ធអប្បបរមា សហគ្រាសផលិត ផ្គង់ផ្គត់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែកម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ត្រូវបានលើកលែងពន្ធអប្បបរមា គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ក្នុងករណីដែលបានកាន់បញ្ជីគណនេយ្យត្រឹមត្រូវ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ការរួចកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់សេវា សហគ្រាសផលិត ផ្គង់ផ្គត់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ត្រូវបានអនុ គ្រោះឱ្យរួចពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវា ដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស គិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ដំណាច់ឆ្នាំ ២០២៣។
លោក វ៉ាន់ ពុទ្ធិពល បានបញ្ជាក់ថា ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារខាងលើ សហគ្រាសត្រូវបំពេញ តាមលក្ខខណ្ឌទាំង០៣ ដូចខាងក្រោម៖
* ស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាព០១ឆ្នាំម្តង។
* ត្រូវភ្ជាប់ជាមួយលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ នូវបញ្ជីឈ្មោះសហគ្រាសដែលផ្គត់ផ្គង់ទំនិញ ឬសេវាជាបន្ទុករបស់រដ្ឋ។
* ត្រូវកាន់បញ្ជីគណនេយ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងប្រកាសបង់ពន្ធអាករដទៃទៀត ជាធរមានទៅតាមកាលកំណត់។
ការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព (ផ្នែកកសិកម្ម) សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ចំពោះផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម ត្រូវទទួលបានការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល៣ឆ្នាំ ចាប់ពីថ្ងៃចុះបញ្ជី ឬធ្វើបច្ចុប្បន្នភារួចរាល់គិតពីខែតុលា ឆ្នាំ២០១៨តទៅ, ៥ឆ្នាំ ចាប់ពីថ្ងៃចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពរួចរាល់ គិតពីខែតុលា ឆ្នាំ២០១៨ តទៅ ដែលបំពេញ លក្ខខណ្ឌណាមួយ ប្រើវត្ថុធាតុដើមក្នុងស្រុកចាប់ពី ៦០ថ្ងៃឡើងទៅ ឬបង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច ២០% ឬមានទីតាំង ក្នុងតំបន់ប្រមូលផ្តុំ សហគ្រាសធុនតូច និងមធ្យម៕