(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ ចំនួន១០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងកំពង់ចាម និងស្រុកស្ទឹងត្រង់។
ស្នងការនគរបាលខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀន។
ជាក់ស្ដែង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅក្រុងកំពង់ចាម និងស្រុកស្ទឹងត្រង់ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកស្នងការ បានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយជំនាញក្រុងកំពង់ចាម និងស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានប្រើវិធានរដ្ឋបាលចំហរ និងវិធានញុះញង់ បង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន០២ករណី ឃាត់ខ្លួនជនសង្ស័យ១០នាក់។
ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន០៨កញ្ចប់ (ធំ០១កញ្ចប់) ម៉ូតូ០២គ្រឿង និងទូរស័ព្ទដៃចំនួន០៥គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕