(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការបំផ្លាញព្រៃឈើនៅកម្ពុជា។
ក្នុងសារសំឡេងផ្ញើជូនក្រុមអ្នកព័ត៌មានដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ការបាត់បង់ព្រៃឈើនៅស្រុកខ្មែរ ហើយគ្មានលុយចូលជាតិ គឺជារឿងខ្មាសអៀនមួយ ខណៈដែលប្រទេសជិតខាងបានរកចំណូលរាប់ពាន់លានដុល្លារពីវិស័យព្រៃឈើនេះ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ដូច្នេះថា «សូមបងប្អូនធ្វើការជាមួយគ្នា ស្រុះដៃស្រុះជើងគ្នា ដើម្បីយើងគាំទ្រប្រតិបត្តិការនេះធ្វើឱ្យបានជោគជ័យ ដើម្បីអាយុជីវិតជាតិ ធនធានធម្មជាតិ សម្រាប់យើងថ្ងៃហ្នឹង សម្រាប់កូនចៅយើងថ្ងៃក្រោយ កុំឱ្យខ្មាសបរទេសជិតខាង។ ខ្ញុំបានទទួលព័ត៌មានប្រទេសជិតខាងយើង សល់ព្រៃ៦០ភាគរយនៃផ្ទៃដី ផ្ទុយទៅវិញគេបានចំណូលពីការនាំឈើចេញដល់រាប់ពាន់លានដុល្លារ។ រីឯប្រទេសរបស់យើងព្រៃឈើបាត់បង់ លុយចូលថវិកាជាតិអត់មាន។ នេះជាការខ្មាសអៀនមួយធំណាស់»។
សូមបញ្ជាក់ថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កំពុងធ្វើប្រតិបត្តិការយ៉ាងក្តៅគគុកក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ ប្រតិបត្តិការលើកនេះ ត្រូវបានមន្ត្រីបញ្ជាក់ថា គ្មានការបន្ធូរបន្ថយ ឬយោគយល់ទៀតនោះឡើយ អ្នកប្រព្រឹត្តបទល្មើសទោះអ្នកតូច អ្នកធំ អ្នកមានលុយ មានឥទ្ធិពល គឺត្រូវបង្ក្រាបទាំងអស់៕