(ភ្នំពេញ)៖ លោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ ដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះចាត់វិធានការក្ដៅបង្ក្រាបបនល្បែង ចំនួន៣ទីតាំង រឹបអូសទូរហ្គេមបាញ់ត្រី ចំនួន៦គ្រឿង ក្រោយពីលោក ជា ពិសី អភិបាលខណ្ឌ ដាក់ចេញបទបញ្ជាយ៉ាងហ្មត់ចត់ ក្នុងការចំណាយពេលស៉ើបអង្កេត កំណត់ពីទីតាំង នៃការប្រព្រឹត្តបទល្មើសល្បែងស៉ីសង ដើម្បីឆ្លើយតបតាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ប្រតិបត្តិការបង្ក្រាបបនល្បែង៣ទីតាំង និងដកហូតទូរហ្គេមបាញ់ត្រី ចំនួន៦គ្រឿង របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវនេះ បានធ្វើឡើងស្ថិតនៅក្រុមទី០៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ តាំងពីល្ងាចរហូតដល់យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

គួរកត់សម្គាល់ថា បន្ទាប់ពីប្រជាពលរដ្ឋប្រឈមការភ័យខ្លាច បានរាុការណ៍ថា ទីតាំងបនល្បែងហ្គេមបាញ់ត្រី ដែលកំពុងបើកដំណើរការលេងទទួលភ្ញៀវទាំងយប់ទាំងថ្ងៃយ៉ាងរលូន ដែលបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យជួយផ្សព្វផ្សាយបញ្ជូនដំណឹងមួយនេះទៅកាន់លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដើម្បីស្នើសុំឲ្យជួយចាត់វិធានការបង្ក្រាបផងនោះ ពេលនេះចាប់ផ្ដើមបង្ក្រាបហើយ ចំនួន៣ទីតាំង និងដកហូតទូរហ្គេមបាញ់ត្រី ចំនួន៦គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ ក្នុងការឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយវិធានការរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ជា ពិសី នេះ ប្រជាពលរដ្ឋបានបង្ហើបថា នៅមានទីតាំងហ្គេមបាញ់ត្រី១កន្លែងទៀត កំពុងបើកដំណើរការទទួលភ្ញៀវដោយមានម្ចាស់ឈ្មោះ យាយម៉ៅ ស្ថិតនៅក្បែរផ្លូវជាតិលេខ៥ គឺនៅទល់មុខស្ថានីយ៍ទូរទស្ស CTN មានផ្លូវបេតុងច្រកចូលផ្សារគីឡូម៉ែត្រលេខ៦ (ហៅផ្សារឆេកូ) ដែលចូលទៅប្រហែល២០ ឫ៣០ម៉ែត្រប៉ុណ្ណោះ និងឃើញនៅខាងស្ដាំដៃ មានច្រកឌឿងហែមមួយ និងមានសញ្ញាសម្គាល់បាញ់ថ្នាំពណ៍ក្រហមលេខ៦៨ ជាផ្លូវរួមតូចចង្អៀត តែបើចូលទៅប្រហែល២០ម៉ែត្រតាមច្រកនេះ និងឃើញនៅខាងស្ដាំដៃ ពោលស្ថិតនៅខាងកើតជាប់ផ្សារគីឡូម៉ែត្រលេខ៦តែម្ដង និងមានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាពនៅផ្លូវ បើទោះបីជាបិទទ្វារ ប៉ុន្តែមានភ្ញៀវកំពុងលេងយ៉ាងស្ងាត់ស្ងៀមនៅខាងក្នុង ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

គួររំលឹកផងដែរថា នៅមុនពេលដែលលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ក្នុងការដាក់ចេញវិធានការក្តៅ ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ ប្រភេទ នៅទូទាំង១៤ខណ្ឌក្នុងរាជធានី តាមសំណូមពរប្រជាពលរដ្ឋ សម្រាប់ការរស់នៅគ្មានការភ័យខ្លាច និងទទួលបានភាពកក់ក្ដៅ។

កន្លងទៅថ្មីៗនេះ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បានប្រកាសសម្រេចបង្កើតក្រុមការងារចម្រុះមួយ ដើម្បីបង្រ្កាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសលើបញ្ហាគ្រឿងញៀនខុសច្បាប់ នៅតាមមូលដ្ឋាន ដែលជាដើមចមនៃបទល្មើសចោរកម្មកើតឡើងជាអំពើ លួច ឆក់ ប្លន់ ដើម្បីឲ្យមានប្រសិទ្ធភាព ចំពោះការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕