(កណ្តាល)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល បាននាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០៣ នៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រសួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ។
លោក វង្សី វិស្សុត បានថ្លែងថា ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ហើយបងប្អូនខ្មែរយើងដែលជាពុទ្ធសាសនិក តែងតែប្រារព្វពីធីនេះ ទៅតាមគន្លងបវេណីរបស់ព្រះពុទ្ធសានាជារៀងរាល់ឆ្នាំ។ លោកក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបានកសាងនូវសមិទ្ធផលតូចធំជាច្រើនរាប់មិនអស់ជូនប្រទេសជាតិ និងប្រជាជន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ដោយឡែក នៅក្នុងស្រុកមុខកំពូលនិយាយជារួម និងដោយឡែក នៅក្នុងឃុំព្រែកអញ្ចាញក៏ទទួលបាននូវសមិទ្ធផលជាច្រើនផងដែរ ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ស្ពានថ្នល់ និងសមិទ្ធផលផ្សេងៗជាច្រើនស្ទើគ្រប់វិស័យ។ សមិទ្ធផលទាំងនេះ បានជួយធ្វើឱ្យប្រទេសរបស់យើងកាន់តែមានការអភិវឌ្ឍរីកចម្រើន, សេដ្ឋកិច្ចជាតិរបស់យើងក៏កាន់តែលូតលាស់ជឿនលឿន ហើយបងប្អូនប្រជាពលរដ្ឋរបស់យើងកាន់តែមានប្រាក់ចំណូលខ្ពស់ជាងមុន និងមានជីវភាពធូរធាជាងមុន។ លោកបានបន្តថា ការអភិវឌ្ឍរីកចម្រើនដែលកម្ពុជាយើងសម្រេចបានមកទល់នឹងសព្វថ្ងៃនេះ គឺដោយសារកត្តាសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
លោក វង្សី វិស្សុត បានបន្តមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងនៅជាប់ជាមួយនឹងប្រជាជន និងបានបម្រើប្រជាជនគ្រប់កាលៈទេសៈ ដោយភាពស្មោះត្រង់។ រាជរដ្ឋាភិបាលនឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីថែរក្សាសន្តិភាព,ស្ថេរភាពនយោបាយ ,ផលប្រយោជន៍ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាជន ជាពិសេសការផ្សារភ្ជាប់ការអភិវឌ្ឍរបស់ប្រទេសជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន និងដើម្បីធ្វើឱ្យប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនជឿនលឿន និងរុងរឿង ដូចប្រទេសគេដទៃ ពិសេសដើម្បីធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបមានជីវភាពកាន់តែប្រសើរឡើង។
នៅក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានឱ្យមានការយកចិត្តទុកដាក់ខ្ពស់ដល់ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋ និងត្រូវគ្រប់គ្រងការអភិវឌ្ឍនៅមូលដ្ឋានឱ្យបានល្អ ពិសេសបញ្ហាលូទឹក និងសំរាម និងត្រូវការពារថែរក្សាឱ្យបានដាច់ខាតនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋគ្រប់ប្រភេទ។ លោកបានស្នើសុំឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវមានភាពម៉ឹងម៉ាត់ក្នុងការអនុវត្តច្បាប់ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញឿន៕