(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញធ្វើបទបង្ហាញស្តីពី «ការកសាងប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិកនៅកម្ពុជា» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រមាណ២០០នាក់។
នាឱកាសនោះ លោករដ្ឋមន្ត្រី ត្រាំ អ៉ឺវតឹក បានធ្វើបទបង្ហាញអំពីការរៀបចំការងារ ដែលពាក់ព័ន្ធនឹងការកសាងរដ្ឋាភិបាលអេឡិកត្រូនិក ដោយបានបង្ហាញនូវអភិក្រម នៃការបង្កើតរដ្ឋាភិបាលឌីជីថល និងបទពិសោធន៍ពីបណ្ដាប្រទេសមួយចំនួន ដែលឈានមុខគេលើវិស័យនេះដូចជា សាធារណរដ្ឋកូរ៉េ សឹង្ហបុរី និងអេស្តូនីជាដើម បានធ្វើក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ការកសាងរដ្ឋាភិបាលឌីជីថល ជាការងារមួយដ៏ធំដែលត្រូវមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ តាមរយៈការធ្វើគោលនយោបាយ យុទ្ធសាស្ត្រ ការកសាងច្បាប់លិខិតបទដ្ឋានគតិយុត្តិ ការរៀបចំស្ថាប័នគ្រប់គ្រង ការរៀបចំយុទ្ធសាស្ត្រហិរញ្ញវត្ថុ សម្រាប់រដ្ឋាភិបាលអេឡិកត្រូនិក ការធ្វើផែនការតាមដំណាក់កាល ការរៀបចំគម្រោងរដ្ឋាភិបាលអេឡិកត្រូនិក របស់រាជរដ្ឋាភិបាល ការអនុវត្តប្រព័ន្ធការងារកុំព្យូទ័រ និងការផ្តល់សេវាសាធារណៈដល់ប្រជាជន»៕