(តាកែវ)៖ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ នាំទេយ្យទានប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា នៅវត្តចំនួន៣ ក្នុងឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវ។
វត្តចំនួន៣ នោះរួមមាន វត្តឧកញ្ញារតនារាម ហៅវត្តតាមួង វត្តគិរីតាផាត និងវត្តព្រះធាតុផងដែរ ដែលមានព្រះសង្ឃជាច្រើនអង្គ កំពុងគង់ចាំព្រះវស្សា តាមប្រពៃណីព្រះពុទ្ធសាសនា។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី កុយ ពិសី បានលើកឡើង ពីរីកធំធាត់ និងអភិវឍ្ឍន៍ ដូចសព្វថ្ងៃនេះ ដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ។
លោកស្រីក៏បានផ្តាំផ្ញើដល់ព្រះសង្ឃដែលគង់នៅវត្តទាំង៣ខាងលើនេះ ឱ្យខិតខំជួយអប់រំ ប្រជាពលរដ្ឋនៅមូលដ្ឋាន កុំឱ្យចាញ់ការឃោសនាណាមួយ ដែលប៉ុនបងបំផ្លាញសន្តិភាពនៅកម្ពុជា ហើយអំពាវនាវដល់ពលរដ្ឋទាំងអស់ ឱ្យរួមគ្នាការពារថែរក្សាសន្តិភាព ដែលបានមកដោយលំបាក ក្រោមការពុះពារដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
សូមបញ្ជាក់ថា បន្ទាប់ពីប្រគេនព្រះសង្ឃរួច លោកស្រី កុយ ពិសី ក៏បានដឹកនាំក្រុមការងារត្រួតពិនិត្យមើលសមិទ្ធផលថ្មី មួយចំនួនទៀត ដែលបង្ហាញអំពីវឌ្ឍនភាពនៅក្នុងឃុំនេះ ក្នុងនោះ លោកស្រីក៏បាន ត្រួតពិនិត្យមើល ការដំឡើងបង្គោលភ្លើង ចូលទៅក្នុងភូមិ ក្នុងឃុំព្រៃអំពក ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋផងដែរ៕