(ព្រៃវែង)៖ ជាការពិតណាស់សេរីភាព នៃជំនឿដោយការគោរពប្រតិបត្តិសាសនា ជាជ្រុងមួយ ដែលបង្ហាញពីការអភិវឌ្ឍន៍របស់ ប្រទេសជាតិដែលពោរពេញដោយសុខសន្តិភាពនៅទូទាំងប្រទេស ក្រោមមាគា៏ដឹកនាំដ៍ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នេះជាការលើកឡើងរបស់លោកពឹម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុកពាមជរ ខណៈរូបលោក និងមន្ត្រីក្រុមការងារ បាននាំយកទៀនព្រះវស្សា និងសម្ភារៈថវិកា ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤ វត្តនៅព្រំដែនខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។
វត្តទាំង៤នោះរួមមាន វត្តកែវពេជ្រសុវណ្ណ, វត្តទេពរង្សី, វត្តអម្ពវ័ន្តរស្មីមង្គល និងវត្តកាលបូណ៌ព្រឹក្ស ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១០ (ប្របទន្លេមេគង្គក្រោមត្រើយខាងកើតជាប់ព្រំដែនវៀតណាម) ស្ថិតក្នុងឃុំព្រែកសំបួរ និងឃុំកោះរកាស្រុកពាមជរ ខេត្តព្រៃវែង។ ក្នុងនោះក្រុមការងារចុះជួយខេត្តព្រៃវែងឋបានប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ បច្ច័យសរុបប្រមាណ៧ពាន់ដុល្លារ។
ចូលរួមក្នុងឱកាសនោះដែរ រួមមានលោក ម៉ែន ច័ន្ទរិទ្ធី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកពាមជរ, លោកមុំ សៀក អនុប្រធានក្រុមការងារចុះជួយស្រុកពាមជរ, សប្បុរសជន គឺលោកអៀម ទិត្យតារារ័ត្ន និងលោកស្រីនិងសហការីជា ច្រើនរូប ព្រមទាំងមានការចូលរួមពីអាជ្ញាធរឃុំ និងស្រុកពាមជរផងដែរ។
លោក ពឹម សំណាង បានថ្លែងថា សេរីភាព នៃជំនឿនិងការគោរពប្រតិបត្តិសាសនា គឺជាជ្រុងមួយដែលបង្ហាញពីសន្តិភាពផងដែរ ព្រោះតាមប្រវត្តិសាស្ត្រយើងធ្លាប់ដឹងទាំងអស់គ្នាហើយថា ក្នុងពេលប្រទេសមានសង្គ្រាម ប្រជាជនយើង គឺរស់នៅវេទនាខ្លាំងណាស់ ពុំមាននរណាម្នាក់ មានឱកាស និងពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើបុណ្យ គោរពសាសនា តាមសេរីភាព នៃចិត្តខ្លួនឯងនោះទេ។
ក្នុងឱកាសនោះផងដែរ លោកអនុរដ្ឋលេខាធិការបានជូនថវិកាដល់លោកយាយ លោកតាពុទ្ធបរិស័ទ ដែលបានមកចូលរួមក្នុងកម្មវិធី ព្រមទាំងបាននាំថវិកា និងទឹកសុទ្ធចែកជូនលោកយាយ លោកតា កុមារា កុមារី សិស្សានុសិស្សដែលបានមកទទួលស្វាគមន៍វត្តមាន របស់លោក លោកស្រី ក្នុងទីបរិវេណវត្ត និងសាលាយ៉ាងសប្បាយរីករាយ ៕