(កំពង់ធំ)៖ ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ សាខាពន្ធដារខេត្តកំពង់ធំ ប្រមូលចំណូលបានចំនួន១៩,៤៨៣លានរៀល ប្រមាណ៤.៨៥លានដុល្លារអាមេរិក បើធៀបនិងផែនការ១២,៥៤៥លានរៀល ប្រមាណ៣.១៣លានដុល្លារអាមេរិក ស្មើនឹង១៥៥.៣១%។
តួលេខនេះ ត្រូវបានបង្ហាញនៅក្នុង សិក្ខាសាលាផ្សព្វផ្សាយច្បាប់ បទប្បញ្ញតិ្តនានា សេចក្តីណែនាំថ្មីៗ ជាពិសេស ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។
សិក្ខាសាលា ខាងលើ ធ្វើឡើងក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកពន្ធដារ លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត និងមានការចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជីវករ សហគ្រាស ប្រមាណជាង៣០០នាក់។
លោក ព្រឹម រដ្ឋា បានជម្រាបជូនពីលទ្ធផលការងារ ដែលសាខាពន្ធដារខេត្តកំពង់ធំ សម្រេចបានក្នុងរយៈពេល ៥ចុងក្រោយ គឺសាខាពន្ធដារខេត្ត បានខិតខំប្រឹងប្រែងប្រមូលចំណូលសារពើពន្ធ បានលើសផែនការជា រៀងរាល់ឆ្នាំ ជាពិសេសក្នុងឆ្នាំ២០១៨ កន្លងទៅប្រមូលចំណូលបាន ចំនួន១៩,៤៨៣លានរៀល ប្រមាណ៤.៨៥លានដុល្លារ បើធៀបនិងផែនការ ១២,៥៤៥លានរៀល ប្រមាណ៣.១៣លានដុល្លារ ស្មើនឹង១៥៥.៣១%។
លោកបណ្ឌិត កែន សម្បត្តិ បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងដាក់ចេញនូវយន្តការ លើកទឹកចិត្តពន្ធមួយចំនួន បន្ថែមចំពោះសហគ្រាសដាំដុះស្រូវ ប្រមូលទិញស្រូវ និងផលិតអង្ករនាំចេញ ស្របតាមគោលនយោបាយ ស្ដីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់ ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តសហគ្រាសដាំដុះស្រូវ ប្រមូលទិញស្រូវ និងផលិតអង្ករនាំចេញ។
លោកបានបន្តថា ការអនុគ្រោះពន្ធ ស្របតាមគោលនយោបាយ ស្ដីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់រាជរដ្ឋាភិបាលកម្ពុជា សហគ្រាសដាំដុះស្រូវប្រមូលទិញស្រូវ និងផលិតអង្ករនាំចេញ ត្រូវបានលើកទឹកចិត្តពន្ធអាករ រួមមាន៖
* ការអនុគ្រោះលើអាករបន្ថែម
* ការផ្គត់ផ្គង់ស្រូវ ក្នុងស្រុកត្រូវជាប់ពន្ធអាករ
* ការអនុគ្រោះលើអាករបន្ថែម តាមអត្រា 0%
* ការផ្គត់ផ្គង់អង្ករក្នុងស្រុក ត្រូវជាប់អត់ពន្ធអាករ
* ការអនុគ្រោះលើអាករបន្ថែម តាមអត្រាធម្មតា ១០% ការនាំចេញអង្ករ ត្រូវជាប់ពន្ធអាករ
* ការអនុគ្រោះលើអាករបន្ថែម តាមអត្រា 0% អាករលើធាតុចូល ដែលទាក់ទិននឹងការដាំដុះស្រូវ ប្រមូលទិញស្រូវ និងផលិតអង្ករនាំចេញ ត្រូវបានអនុញ្ញាតជាឥណទាន ឬបង្វិលសង។
ជាមួយគ្នានោះ លោកបណ្ឌិត កែន សម្បត្តិ ក៏បានអំពាវនាវ ដល់បងប្អូនអាជីវករសហគ្រាសទាំងអស់ ខិតខំចូលរួមស្ដាប់ នៃការធ្វើបទបង្ហាញ ដើម្បីសម្រេចជាលទ្ធផលផ្លែផ្កា តាមការគ្រោងទុក និងជួយយកខ្លឹមសារ ដែលបានចូលរួមថ្ងៃនេះ យកទៅផ្សព្វផ្សាយ ដល់អាជីវករដទៃទៀត ដើម្បីឲ្យបានយល់កាន់តែច្បាស់ អំពីការបង់ពន្ធជូនរដ្ឋ៕