(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋស្រុក និងប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបាកាន ចំនួន៣រូប។
សមាសភាពមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបាកាន ទាំង៣រូប ដែលទទួលបានមុខតំណែងថ្មី រួមមាន៖
*ទី១៖ យោងប្រកាសលេខ៤៦៩២ប្រ.ក ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោក សៅ មឿន ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងនៃគណៈអភិបាលស្រុកបាកាន។
*ទី២៖ ប្រកាសលេខ៦៣៥ប្រ.ក របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ភារកិច្ច លោក វង្ស រ៉ាវី ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ២ ឲ្យកាន់មុខតំណែង ជានាយករដ្ឋបាលសាលាស្រុកបាកាន នៃខេត្តពោធិ៍សាត់។
*ទី៣៖ ប្រកាសលេខ១៩៩៦ប្រ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់សមាសភាព ប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវបានទទួលស្គាល់ លោក រ៉ម វណ្ណៈ ជាប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបាកាន នៃខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានថ្លែងថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយ ដែលកំពុងសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃនេះ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលទទួលសេវា ព្រោះថា ក្នុងនោះមានមន្រ្តីមន្ទីរ អង្គភាពគ្រប់ជំនាញ បានមកបម្រើការងារក្នុងការិយាល័យច្រកចេញចូលតែមួយសាលាស្រុកផ្ទាល់តែម្តង ដែលធ្វើឲ្យបងប្អូនចំណេញទាំងពេលវេលា និងមានតម្លាភាព គ្មានអំពើពុករលួយ គ្មានការរត់ការ ក្នុងនោះ នៅការិយាល័យច្រកចេញចូលតែមួយ មានបិទតារាងតម្លៃ សេវាណាត្រូវយកកម្រៃសេវាណាមិនយកកម្រៃ ដោយកំណត់តម្លៃច្បាស់លាស់ ហើយថវិកាទាំងនេះត្រូវបង់ចូលរដ្ឋ។
លោកបន្ថែមថា ទាំងអស់នេះ គឺដើម្បីលើកកម្ពស់សេវាសាធារណៈ ដោយបង្ខិតសេវាឲ្យទៅកៀកជិតប្រជាពលរដ្ឋ តាមនីតិវិធីសាមញ្ញ មានតម្លាភាព គណនេយ្យភាព បម្រើសេវាឲ្យទាន់ពេលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបានបន្តទៀតថា ការបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយ មានគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធិផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល លើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
លោកក៏បានផ្តាំផ្ញើដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយទាំងអស់ ដែលមានតួនាទីរដ្ឋ ត្រូវយកទៅប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកថា គប្បីបន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ ទាំងផ្លូវរដ្ឋ និងទាំងផ្លូវគ្រួសារ ដោយប្រកាន់ភ្ជាប់គោលការណ៍ក្រមសីលធម៌ វិជ្ជាជីវៈ មានព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គី ចែករំលែកដល់ថ្នាក់ក្រោម កុំយកទួនាទីទៅធ្វើអាជីវកម្ម បក្ខពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ ជាពិសេសអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដោយបណ្តុះនូវវប្បធម៌កត្តញ្ញូ និងចរិកជាតិនិយម៕