(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។
មន្ដ្រីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សុខ វិសាល អាយុ១៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនបានកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ផ្លូវ១១១ កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ និងបក្ខពួក០៣នាក់ទៀតមាន ឈ្មោះ ហ្វុង, ឈ្មោះ ឆាយ, ឈ្មោះ ឈិ ឈីត បាននាំគ្នាចេញពីកន្លែងផឹកស្រាក្រឡុក នៅម្ដុំក្រោយវាំង ហើយជិះម៉ូតូ០២គ្រឿង ម៉ាក Beat ពណ៌ខៀវលាយស និងម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៨ (មិនចាំស្លាកលេខ) ដើម្បីជិះរកធ្វើសកម្មភាពឆក់សម្ភារមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ។
លុះពេលជិះដល់ចំណុចខាងលើ បានឃើញស្រ្តីរងគ្រោះជាជនបរទេស ឈរស្ពាយកាបូប ក៏បានជិះទៅក្បែរ ហើយធ្វើសកម្មភាពឆក់កាបូបពីនារីនោះ តែមិនបានសម្រេចបណ្តាលឲ្យដួលម៉ូតូខ្លួនឯង ស្របពេលកម្លាំងអាវុធហត្ថកំពុងល្បាតឃើញបានចុះមកឃាត់ខ្លួនបានមា្នក់ ចំណែកបក្ខពួកគេផ្សេងទៀត បានជិះម៉ូតូរត់គេចខ្លួនអស់។
ជនសង្ស័យ សុខ វិសាល បានប្រាប់ឲ្យដឹងថា កាលអំឡុងចុងឆ្នាំ២០១៨រូបគេ និងបក្ខពួក ធ្លាប់ធ្វើសកម្មភាពឆក់កាបូបបានសម្រេចម្តង បានប្រាក់១០០ដុល្លា នៅចំណុចម្តុំផ្លូវ៣១០ ខណ្ឌចំការមន៕