(កំពង់ចាម)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារស្ទឹងត្រង់ស្ថិតនៅភូមិ បឹងដែង ឃុំព្រែកក់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញកាំកុងត្រូល បានដកហូតទំនិញហួសកាលបរិច្ឆេទមួយចំនួនដូចជា៖ នំម៉ាកអែលប៊ីចំនួន ១៦៧បញ្ចប់, ទឹកម្ទេសម៉ាក VC ចំនួន ៣ដប, ទឹកក្រូចម៉ាក B-smart ចំនួន ៣ដប។ នៅក្នុងឱកាសនោះក្រុមការងារ បានណែនាំអាជីវករ អ្នកលក់ដូរ ឲ្យបានយល់ដឹងបន្ថែមទៀត អំពីសុវត្ថិភាពម្ហូបអាហារ និងអនាម័យនៃការតាំងលក់។
ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីសាខាកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕