(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានជំរុញឱ្យនាយទាហានទាំងអស់ បន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្សត្រ និងគាំទ្រគ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងត្រូវបន្តហ្វឹកហ្វឺនលើគ្រប់ជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ។
ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាស ដែលនាយឧត្តមសេនីយ៍ អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន នាយទាហានរងជំនាញរថក្រោះ រថពាសដែក ឆ្នាំ២០១៩ នៅឯសាលាហ្វឹកហ្វឺនជំនាញរថក្រោះ រថពាសដែក ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំឱ្យមានវគ្គហ្វឹកហ្វឺនជំនាញរថក្រោះ រថពាសដែក ឱ្យដល់កងយោធពលខេមរភូមិន្ទរហូតមក និងសូមគាំទ្រលើកទឹកចិត្ត ឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជននៃយើង។
ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានរថក្រោះ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូល ត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព ប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព នៅពេលហ្វឹកហ្វឺន ធានាសន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារគ្រឿងបំពាក់ ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាងធន់ធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ជូនជាតិមាតុភូមិ ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ទៀតថា លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយ របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំបញ្ជាការដ្ឋាន ដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការងារគ្រប់កម្រិតដែលបានកំណត់។ នាយឧត្តមសេនីយ៍ បញ្ជាក់ទៀតថា លទ្ធផលទាំងនេះ បានមកពីកិច្ចខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ ហ្វឹកហាត់បានស្ទាត់ជំនាញ ទាហានមានវិន័យខ្ពស់ មានសាមគ្គីឯកភាពផ្ទៃក្នុងល្អ នឹងការដឹកនាំបញ្ជា អនុវត្តហ្ម៉តចត់ និងម៉ឺងម៉ាត់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើដល់នាយទាហាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឱ្យបានល្អ និងត្រូវបន្តព្យាយាមប្រឹងប្រែងហ្វឹកហ្វឺននៅទីនេះ និងនៅតាមអង្គភាពឱ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត់អស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឱ្យបុព្វហេតុការពារជាតិមាតុភូមិរបស់យើងបានរឹងមាំ ពិសេសត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ បានគូសបញ្ជាក់ ដោយអនុវត្តតាមសច្ចាប័នរបស់អគ្គមេបញ្ជាការ ស្ដីពីផែនការហ្វឹកហ្វឺនការងារសេនាធិការ នៃវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង ជំនាញរថក្រោះ រថពាសដែកឆ្នាំ២០១៩ បញ្ជាការដ្ឋានរថក្រោះ សហការជាមួយសាលាហ្វឹកហ្វឺនជំនាញ រថក្រោះ រថពាសដែក បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរងជំនាញរថក្រោះ រថពាសដែក សម្រាប់ឆ្នាំ២០១៩ មួយវគ្គ ដែលមានសិក្ខាកាមចូលរួម សរុប២៨៥នាក់ ក្នុងនោះមានយោធារ្យ និងអ្នកបម្រើការចំនួន ៣៥នាក់ ដោយប្រើប្រាស់រយៈពេលហ្វឹកហ្វឺន ៣ខែ លើខ្លឹមសារមេរៀន អប់រំចិត្តសាស្ត្រ លំហាត់របៀប យុទ្ធវិធីរថក្រោះ រថពាសដែក សព្វាវុធលើរថក្រោះ រថពាសដែក បច្ចេកទេសរថក្រោះ រថពាសដែក មុខវិជ្ជាបើកបររថក្រោះ រថពាសដែក ជំនាញប្រើប្រាស់វិទ្យុទាក់ទងលើរថក្រោះ រថពាសដែក និងការងារសេនាធិការ ហ្វឹកហ្វឺនជំនាញរថក្រោះ រថពាសដែក៕