(ភ្នំពេញ)៖ ក្នុងនាមជាសាសនិក សាសនិកា កាន់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋនៃកម្ពុជា ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តួចផ្តើមគំនិតរៀបចំកម្មវិធី ប្រគេនទេយ្យទាន ដល់ព្រះសង្ឃនិមន្តមកពីបណ្តាខេត្តនានា មកសិក្សាព្រះធម៌ ក្នុងឱកាសបុណ្យចូលព្រះវស្សា។
លោក អ៊ុក វីឡា នាយកធនធានមនុស្ស និងលោក ចាន់ រដ្ឋា ប្រធានកិច្ចការសាធារណៈជាន់ខ្ពស់ តំណាងថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ជាច្រើនរូប បាននាំយកទេយ្យទាន, គ្រឿងឧបភោគ, បរិភោគ, ប្រគេនព្រះសង្ឃនិមន្តមកពី បណ្តាខេត្តនានា មកគង់ចាំព្រះវស្សា និងសិក្សាព្រះធម៌ក្នុងវត្តមហាមន្ត្រី២០០អង្គ។
សូមបញ្ជាក់ថា ពិធីចូលកាន់ព្រះវស្សាជាបុណ្យមួយ ដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឲ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយ:ពេល៣ខែចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។
លោក អ៊ុក វីឡា នាយកធនធានមនុស្សគូសបញ្ជាក់ថា ក្នុងឱកាសថ្ងៃទី១នៃ ថ្ងៃចូលព្រះវស្សានេះ ក្រុមហ៊ុន ប៉េង ហួត គ្រុបមានសេចក្តីសោមនស្សរីករាយ នឹងដឹកនាំក្រុមការងាររបស់ក្រុមហ៊ុន មកចែករំលែក និងប្រគេនទេយ្យទាន ដល់ព្រះសង្ឃនិមន្តមកពីបណ្តាខេត្តនានា ដែលមកសិក្សាព្រះធ៌មនៅវត្តមហាមន្ត្រី។
លោកបញ្ជាក់ថា កន្លងមក ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការសង្គម, ចែករំលែកក្តីសុខ និងក្តីសង្ឃឹមដល់បងប្អូន។ ជាក់ស្តែងកាលពីឆ្នាំមុនក្រុមហ៊ុន បានសាងសង់ព្រះវិហារ ផ្លូវថ្នល់ជាដើម។
លោកបន្ថែមថា ប៉េង ហួត គ្រុប មាននិស្ស័យជាមួយព្រះពុទ្ធសាសនា និងចង់ឃើញការីកចម្រើន ក្នុងវិស័យនេះព្រមទាំងសង្ឃឹមថា នឹងមានពុទ្ធបរិស័ទ្ធចូលរួមកាន់តែច្រើន។
បន្ទាប់មកតំណាងថា្នក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគេនទេយ្យទាន ដល់ព្រះសង្ឃចំនួន២០០អង្គ ដោយក្នុងមួយអង្គទទួលបានសម្ភារៈសិក្សា, ថ្នាំសង្កូវ, ប្រេងកូឡា, ថ្នាំ, និងច្រាសដុះធ្មេញ និងប្រគេនជូនវត្តមហាមន្ត្រីនូវបច្ច័យចំនួន៤លានរៀល, ទៀនវស្សា១គូ, អង្ករ១តោន, ទឹកផ្លែឈើ១០កេស, ប្រេងកូឡា៦០ប្រអប់, ទឹកសុទ្ធ១០០យួរ និងថ្នាំសង្កូវ១០ប្រអប់។
ដោយឡែកដើម្បីគាំទ្រ និងលើកស្ទួយ ដល់កម្មវិធីវិទ្យុផ្សព្វផ្សាយព្រះធម៌ តំណាងថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប បានប្រគេនបច្ច័យចំនួន៤លានរៀលផងដែរ៕