(តាកែវ)៖ ទំនាស់ដ៏រាំរ៉ៃរវាងប្រជាពលរដ្ឋជាង ១០០គ្រូសារ និងប្រជាពលរដ្ឋ ៣គ្រូសារ នៅក្នុងភូមិព្រឹសក្រោម ឃុំខ្វាវ ស្រុកទ្រាំង ដែលសុំពង្រីកផ្លូវ អូសបន្លាយ អស់រយៈពេលប្រមាណ ៣ឆ្នាំ មកហើយនោះ នៅទីបំផុតទំនាស់នេះបានដោះស្រាយបញ្ចប់ហើយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមការចុះសម្របសម្រួលពីសំណាក់លោក ម៉ឹង វុធី អភិបាលរងខេត្តតំណាងលោក អ៊ូច ភា អភិបាលខេត្តតាកែវ។
ក្នុងការអញ្ជើញចុះទៅដោះស្រាយលោក ម៉ឹង វុធី អភិបាលរងខេត្តបានថ្លែងថា គោលបំណងដែលចុះមកដោះស្រាយ គឺដើម្បីបញ្ចប់ទំនាស់ មិនមែនមកបន្ថែមទំនាស់នោះទេ ដូច្នេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមនិងប្រជាពលរដ្ឋ ដែលមានទំនាស់និងគ្នា សូមចូលរួមទាំងអស់គ្នា ដើម្បីពិនិត្យមើលមន្រ្តីជំនាញវាស់វែង ព្រំដីផ្លូវសាធារណៈ ដោយចាប់ផ្ដើមវាស់ពីចំណុចអក្សរផ្លូវប្រវែង៧ម៉ែត្រកន្លះ។
បន្ទាប់ពីបានត្រួតពិនិត្យ នៃការវាស់វែង និងមានការយល់ព្រម ពីភាគីទំនាស់ ដោយបានផ្ដិតមេដៃទទួលយក ការចុះមកវាស់វែងដោះស្រាយ ពីអាជ្ញាធរទំនាស់ដ៏រាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលប្រមាណ៣ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមគោលនយោបាយឈ្នះទាំងអស់គ្នា ដោយប្រជាពលរដ្ឋទាំងអស់ត្រូវរ៉ូវគ្នា និងឯកភាពគ្នាយល់ព្រម ក្នុងការកំណត់ផ្លូវទំហំ១៥ម៉ែត្រទទឹង និងព្រមរុះរើរបង ដែលបានសង់រំលោភ មកលើដីចំណីផ្លូវចេញភ្លាមៗតែម្ដង។
គួរបញ្ជាក់ដែរថា ក្រុមប្រជាពលរដ្ឋចំនួន១០៥គ្រូសារ ដែលរស់នៅក្នុងភូមិព្រឹសក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បានធ្វើលិខិតមកអភិបាលខេត្តតាកែវ ឲ្យជួយដោះស្រាយពីផលវិបាក នៃការពង្រីកផ្លូវក្នុងភូមិមួយខ្សែរ ដោយសារប្រជាពលរដ្ឋ៣គ្រូសារ នៅក្នុងភូមិបានរំលោភយកផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាហេតុនាំឲ្យប្រជាពលរដ្ឋពិបាកអាស្រ័យផល ពីផ្លូវសាធារណៈនេះ៕