(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានចូលរួមជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្បាលដី ដែលបានផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងឱកាសនេះ មានចំនួន២,១៥៧ក្បាលដី ក្នុងនោះដីលំនៅដ្ឋាន១,៧៨៥ក្បាលដី និងដីកសិកម្ម៣៧២ក្បាលដី។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ លោកអភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋទាំងអស់ និងបានណែនាំដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីទាំងអស់ នៅក្នុងភូមិតាឡី សូមមកទទួលយកប័ណ្ណកម្មសិទ្ធិរបស់ខ្លួន ដើម្បីប្រើប្រាស់ ធានានូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ និងមានសារសំខាន់សម្រាប់ការប្រើប្រាស់ ក្នុងជួល បញ្ចាំ សុំច្បាប់សាងសង់ និងប្រកបអាជីវកម្មផ្សេងៗ។
លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាទុកប័ណ្ណកម្មសិទ្ធិនេះ ឲ្យបានត្រឹមត្រូវជៀសវាងការធ្វេសប្រហែស បណ្តាលឲ្យខូចខាត ឬបាត់បង់។ ប្រសិនបើមានករណីនេះ សូមរាយការណ៍បន្ទាន់មករដ្ឋបាលសុរិយោដី ដើម្បីចាត់វិធានការ៕