(ភ្នំពេញ)៖ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើត្រូវបានសមត្ថកិច្ចលើកឡើងថា ជួបការប្រឈមមួយចំនួននៅក្នុងរយៈពេលចុងក្រោយនេះ ដោយសារសកម្មភាព ជួញដូរឈើត្រូវបានប្តូរពីទ្រង់ទ្រាយធំដឹកតាមរថយន្ត មកដឹកតាមម៉ូតូជំនួសវិញ។ ដោយសារការយោគយល់ចំពោះប្រជាពលរដ្ឋដែល រកស៊ីដឹកជញ្ជូនោះ ក៏មានការអនុគ្រោះ និងយោគយល់មួយចំនួនផងដែរ តែចាប់ពីពេលនេះទៅប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះលែង មានការយោគយល់ដល់អ្នកដឹកជញ្ជូនតាមម៉ូតូទៀតហើយ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអះអាងឱ្យដឹងថា ចាប់ពីពេលនេះទៅលែងមានការយោគយល់ ឬអនុគ្រោះចំពោះការដឹកជញ្ជូនឈើនៅតាមម៉ូតូទៀតហើយ ហើយពេលចាប់បានមធ្យោបាយដឹកជញ្ជូនរបស់ពួកគេក៏ត្រូវបំផ្លាញចោលផងដែរ។
លោក អេង ហ៉ី ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកំពុងពង្រាយកម្លាំងប្រមាណ ៦៩០នាក់ ដើម្បីប្រតិបត្តិការបង្ក្រាបបទល្មើសនេះ។ ក្នុងនោះ ៣៩០នាក់ អនុវត្តន៍ផ្ទាល់ និង ៣០០នាក់ ជាកម្លាំងអន្តរាគមន៍។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញតំបន់បង្ក្រាបបទល្មើសព្រៃឈើជា៣ទិសដៅ។ ទិសទី១ មានខេត្តត្បូងឃ្មុំ ក្រចេះស្ទឹងត្រែង មណ្ឌលគិរី រតនគិរី, ទិសទី២ មានខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងទិសទី៣ មានខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង។
បច្ចុប្បន្នក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននឹងកំពុងធ្វើសកម្មភាពបង្ក្រាបបទល្មើសនៅក្នុងទិសដៅទាំង៣នេះ។ លោក អេង ហ៉ី បានគូសបញ្ជាក់ថា ដោយយោងទៅតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនោះ ការបង្ក្រាបព្រៃឈើនឹងធ្វើឡើងដោយម៉ឹងម៉ាត់គ្មានការបន្ធូរបន្ថយនោះឡើយ។
លោក អេង ហ៉ី បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៦មក គណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាប និងដកហូតឈើបានសរុបជាង ១២ម៉ឺនម៉ែត្រគូប។
ដោយឡែកលោក សួន សុវណ្ណ ប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តន៍ច្បាប់នៃរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា រយៈប្រមាណ៥ឆ្នាំ គិតពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើ សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួមយ៉ាងសកម្មរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់ឃាត់បទល្មើសព្រៃឈើ សត្វព្រៃ និងដីព្រៃ ៨,៦០០ករណី។ ក្នុងនោះពិន័យអន្តរកាលចំនួន ២,៨៨៤ករណី បញ្ជូនទៅតុលាការ ៥,៧១៦ករណី។ ចាប់ឃាត់ឈើមូល ជ្រុង ចម្រុះប្រភេទចំនួន ១០,៦៨៣ម៉ែត្រគូប, ឈើអាចម្រុះប្រភេទ ២៤,៣១៤ម៉ែត្រគូប។ ឈើក្រញូងក្រាក់ និងក្រញូងសាច់ចំនួន ៣៦២ម៉ែត្រគូប និង២០,៥៨៤គីឡូក្រាម៕