(ប៉ៃលិន)៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រជុំតាមដានវាយតម្លៃ ការអនុវត្តច្បាប់ជាតិ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់រាល់តម្រង់ នៃការរើសអើងប្រឆាំង និងនារីភេទ នៅខេត្តប៉ៃលិន។
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពលោកស្រី ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី លោក ចាន់ធុល អភិបាលខេត្តប៉ៃលិន និង លោកស្រី ប៊ុន ឈិតវាសនា អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរស្ថាប័នជំវិញខេត្តផងដែរ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានណែនាំដល់ប្រធាន អនុប្រធានមន្ទីរ អភិបាលរងក្រុង/ស្រុក ត្រូវខិតខំប្រឹងប្រែង សហការអនុវត្ត នៃការលុបបំបាត់រាល់តម្រង់ នៃការរើសអើងប្រឆាំង និងនារីភេទ រួមចំណែក អនុវត្តតាមគោលនយោបាយរបស់រាជដ្ឋាភិបាល កម្ពុជាក្នុងការលុបបំបាត់រាល់តម្រង់ នៃការរើសអើងប្រឆាំងនិងនារីភេទ ឲ្យមានប្រសិទ្ធិភាព ព្រោះថាស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យ សេដ្ឋកិច្ច និងសង្គម ដូចជា៖
ទី១៖ ស្រ្តីបំពេញតួនាទី (តាមក្រសួង ស្ថាប័ន អង្គភាព ការងារស្ម័គ្រ ចិត្ត និងការតព្វកិច្ចជាមេផ្ទះ)។
ទី២៖ ស្រ្តីថែរក្សាសង្គមគ្រួសារ (ណែនាំអបរំកូនចៅឲ្យក្លាយជាក្មេងល្អក្នុងសង្គម ប៉ិនប្រសប់ចាត់ចែងរាល់ការចាយវាយ សន្សំសំចៃទុកដាក់ថែរក្សាទ្រព្យសម្បត្តិក្នុងគ្រួសារ)។
ទី៣៖ ស្រ្តីអាចបង្កើតការងារដោយខ្លួនឯង (តាមរយៈការបង្កើតសហគ្រាស ខ្នាតតូច មធ្យម)។
ទី៤៖ ស្រ្តីអាចរែកពុនសម្ពាយបញ្ហាច្រើនជាងបុរស (ភាពអត់ធ្មត់ យោគយល់ អធ្យាស្រ័យ រាល់គ្រប់បញ្ហា) ដូច្នេះត្រូវខិតខំសិក្សារៀនសូត្រពង្រឹងសមត្ថភាពទាំងចំនេះ ជំនាញពិតប្រាកដ ដើម្បីក្លាយខ្លួនជាដឹកនាំ អភិវឌ្ឍន៍ ក្នុងអង្គភាព ស្ថាប័ននានារបស់រដ្ឋ ក៏ដូចជា វិស័យឯកជនផងដែរ ព្រោះថា ស្រ្តីជាឆ្អឹងខ្នងដ៍មាន សារៈសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍អង្គភាព ស្ថាប័ន គ្រួសារ សេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។
លោកស្រី ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាសមាជិក ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានថ្លែងថា កិច្ចប្រជុំនៅពេលនេះ ដើម្បីតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពី ការលុបបំបាត់រាល់តម្រង់ នៃការរើសអើងប្រឆាំង និងនារីភេទ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងច្បាប់ជាតិពាក់ព័ន្ធដែលទាក់ទង និងការលើកកម្ពស់ស្ថានភាពជីវភាពឋានៈតួនាទី និងសុខមាលភាពស្ត្រី នៅខេត្តប៉ៃលិន នៅតាមមន្ទីរ និងស្ថាប័នជំនាញនីមួយៗ ត្រូវរាយការណ៍ឲ្យបានច្បាស់លាស់ ដើម្បីធ្វើការកត់ត្រា និងរាយការណ៍ទៅថ្នាក់ជាតិឲ្យបានជ្រាបច្បាស់។
លោកស្រីបន្តថា គ្រប់ស្ថាប័ន មន្ទីរ អាជ្ញាធរដែនដី ត្រូវយកចិ ត្ដទុកដាក់ ក្នុងការបង្កើនចំនួនមន្រ្តីរាជការ ជាស្រ្តីបន្ថែមទៀត រួមទាំងចំនួនមន្រ្តីជាស្រ្តី ដែលមានសិទ្ធិសម្រេច និងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា ព្រមទាំងផ្តល់ឱកាសឲ្យមានការចូលរួមមតិយោបល់ ជាពិសេសត្រូវជំរុញ និងលើកកម្ពស់រាល់សកម្មភាពទាំងអស់ គ្រប់កម្រិត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថាស្រ្តី ត្រូវទទួលផលប្រយោជន៍ ពីការផ្តល់សេវាសង្គម សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយសមធម៌។
លោកស្រីថា ទន្ទឹមនឹងនេះ គ្រប់ស្ថាប័ន និងមន្ទីរទាំងអស់ ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធិភាព៕