(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះអនុស្សារណៈយោគយល់ជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី (CCF) ដើម្បីបណ្ដុះបណ្ដាលនិស្សិតឱ្យមានសមត្ថភាពការងារ និងប្រាក់ស្វែងរកចំណូលខ្ពស់ នៅក្នុងសម័យសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ។

លោក តឹប អឿន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រ បានថ្លែងថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្តីពីការលើកកម្ពស់វិស័យអប់រំរវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី (CCF)នេះ ក្នុងគោលដៅចូលរួមបណ្ដុះបណ្ដាលឱ្យនិស្សិតមានសមត្ថភាពការងារ និងប្រាក់ចំណូលខ្ពស់។

លោក តឹប អឿន បានន្តថា ដើម្បីឱ្យសម្រេចបាននៅគោលដៅខាងលើ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត មានបេសកកម្មមួយចំនួនដូចខាងក្រោម៖

* ពង្រឹងគុណភាព សមត្ថភាពសាស្ត្រាចារ្យ និងមន្ត្រីគ្រប់គ្រង
* ផ្តល់ការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមត្ថភាព សីលធម៌ គុណធម៌ ទំនួលខុសត្រូវភាពច្នៃប្រឌិត និងសហគ្រិនភាព
* ពង្រឹងភាពជាដៃគូជាមួយវិស័យសាធារណៈ និងឯកជនដើម្បីតម្រង់ទិស និងផ្តល់ឱកាសការងារចូលរួមវិភាគទាន ក្នុងកម្មវិធីអប់រំបណ្តុះបណ្តាល របស់វិទ្យាស្ថាន។
* បន្តការបណ្តុះបណ្តាលអប់រំភាសាបរទេស ព័ត៌មានវិទ្យា និងជំនាញទន់
* លើកកម្ពស់ការយល់ដឹងពីវប្បធម៌ជាតិ ព្រមទាំងការចូលរួមអភិវឌ្ឍសហគមន៍

បន្ថែមពីនេះលោកបានឱ្យដឹងថា ការចុះអនុស្សារណៈយោគយល់គ្នារវាង NDB និង CCF ថ្ងៃនេះបានអនុវត្តឆ្លើយតបទៅនឹងចំណុចទី៣ នៃបេសកកម្មរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ហើយយើងសង្ឃឹមថា បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា
ថ្ងៃនេះ វិទ្យាស្ថាននឹងទទួលបានរួមមាន៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតទាំងថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រឱ្យបានច្រើន, ការផ្តល់វគ្គបណ្តុះបណ្តាល និងហាត់ការងារដល់និស្សិត តាមរយៈការផ្តល់ជំនាញទន់ ទស្សនកិច្ចសិក្សាកម្មសិក្សា និងឱកាសការងារ, ការផ្តល់សម្ភារសិក្សាដល់វិទ្យាស្ថានដូចជា សៀវភៅកត់ត្រា កាបូបស្ពាយ មួកការពារសុវត្តិភាព និងអាវភ្លៀង។

ទន្ទឹមនេះ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត សូមធ្វើការអំពាវនាវដល់ប្អូនៗ ក្មួយៗដែលនឹងប្រឡងយកសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ មកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ដោយវិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍៦៨៥កន្លែង ទាំងថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ខាងមុខនេះ។

បើតាមលោក CHEON GIL PARK អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី បានឱ្យដឹងថា គ្រឹះស្ថានបានយកចិត្តទុកដាក់ លើវិស័យអប់រំជាចំបង ផ្តោតលើការបណ្តុះបណ្តាល ការផ្តល់ឱកាសបន្តការសិក្សា ផ្តល់សម្ភារសិក្សាផ្សេងៗ ផ្ដល់ឱកាសដល់និស្សិតមកធ្វើកម្មសិក្សានៅគ្រឹះស្ថាន ហាត់ការដោយផ្ទាល់ជាមួយនាយកដ្ឋានពាក់ព័ន្ធ និងអាចក្លាយជាបុគ្គលិកពេញសិទ្ធិទៀត
ផង។

លោក CHEON GIL PARK បានបន្តថា ការសហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តនេះ ជាផ្នែកមួយនៃការចាប់ផ្តើមក្នុងការជួយគាំទ្រ និងធ្វើឱ្យប្រសើរ ឡើងបន្ថែមទៀត ក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា និងបន្តធ្វើជាមួយដៃគូរជាច្រើនទៀតនៅថ្ងៃខាងមុខផងដែរ៕