(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ប្រកបដោយសុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដង បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ក្នុងការដាក់ឲ្យដំណើរការនូវសេវា ផ្ទេរប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៉ី។
ឥឡូវនេះ អតិថិជនអាចដក់ប្រាក់ផ្ញើពីប្រទេសម៉ាឡេស៉ីតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង៤,៥០០កន្លែងទូទាំងប្រទេស។ ជាពិសេសការដកប្រាក់ផ្ញើចំណាយពេលត្រឹមតែ ១០នាទីតែប៉ុណ្ណោះ ពិតជារហ័ស និងមានសុវត្ថិភាព។
ការដាក់ឲ្យដំណើរការនូវសេវាផ្ទេរប្រាក់អន្តរជាតិនេះ នឹងជួយសម្រួលប្រជាជនកម្ពុជា ដែលកំពុងរស់នៅម៉ាឡេស៉ី ដែលអាចផ្ទេរប្រាក់របស់ពួកគេ ឱ្យអ្នកផ្ទះរបស់ខ្លួន នៅឯស្រុកកំណើតយ៉ាងរហ័ស និងមានសុវត្ថិភាព តាមរយៈក្រុមហ៊ុន Merchantrade Asia Sdn. Bhd.។
ថ្លែងក្នុងការចុះកិច្ចព្រមព្រៀង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបានក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៉ី បានថ្លៃងថា «នេះជាជោគជ័យថ្មីមួយទៀតរបស់យើង ដើម្បីផ្តល់នូវសេវាកម្មផ្ទេរប្រាក់អន្តរជាតិ ពីប្រទេសម៉ាឡេស៉ី ដែលផ្តល់ភាពងាយស្រួស ឱ្យប្រជាជនកម្ពុជា ដែលកំពុងរស់នៅទីនោះ អាចផ្ទេរប្រាក់មកកម្ពុជាបាន»។
លើសពីនេះទៅទៀត លោក Ravindra Vamathevan នាយកប្រតិបត្តិក្រុមហ៊ុន Merchantrade Asia Sdn. Bhd. បានថ្លែងថា «យើងសង្ឃឹមថា តាមរយៈភាពជាដៃគូនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់រវាង ប្រទេសទាំងពីរ ហើយវាគឺជាកិត្តិយសមួយ សម្រាប់ក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ក្នុងការចាប់ដៃគូជាមួយ លី ហួរ វេរលុយ ក្នុងការផ្តល់នូវសុវត្ថិភាព និងរហ័ស សម្រាប់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រទេសម៉ាឡេស៉ីទាំងអស់ ក្នុងការផ្ទេរប្រាក់មកកាន់ប្រទេសកម្ពុជា»។
សេវាហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជន ដែលកំពុងរស់នៅប្រទេសម៉ាឡេស៉ី អាចផ្ទេរប្រាក់របស់ពួកគេ មកឱ្យសាច់ញាត្តិ ឬមិត្តភក្តិដែលរស់នៅប្រទេសកម្ពុជា យ៉ាងរហ័ស និងមានសុវត្ថិភាព។
ក្រៅពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ អតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗទៀត តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដូចជា៖ ទិញកាតទូរស័ព្ទ បង់ថ្លៃទឹកភ្លើង ទូទាត់វិក្កយបត្រផ្សេងៗ និងសេវាកម្មផ្សេងៗទៀត៕