(កោះកុង)៖ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រោមឱវាទ ចៅសង្កាត់មេភូមិ-ឃុំ ចុះពិនិត្យស្ថានការណ៍ ដែលរយៈ២ថ្ងៃ ទទួលរងឥទ្ធិពលទឹកភ្លៀងដែលមានសម្ពាធទាប ធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឲ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋ និងនៅតាមដងផ្លូវសាធារណៈ ស្ថិតក្នុងភូមិសាស្រ្តក្រុង ខេមរភូមិន្ទ។
លោក ឈេង សុវណ្ណដា បានប្រាប់ឲ្យដឹងថា រយៈពេល ២ថ្ងៃនេះសម្រាប់ខេត្តកោះកុង មានភ្លៀងធ្លាក់ជាច្រើនមេ ព្រោះឥទ្ធិពលនៃអាកាសធាតុ មានសម្ពាធទាប ហើយនាំទាំងភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យមានការលិចចូលក្នុងលំនៅដ្ឋានប្រជាពលរដ្ឋ និងលិចតាមដងផ្លូវសាធារណៈក្នុងក្រុងខេមរភូមិន្ទ ស្ទើរគ្រប់ដងផ្លូវ។
លោកបានថ្លែងបន្តថា អ្វីដែលសំខាន់នោះ គឺប្រជាពលរដ្ឋ មិនមានទទួលរងគ្រោះដល់អាយុជីវិត ហើយគ្មានអ្វីខូចខាតធំដុំនោះទេ ខូចខាតតែផលដំណាំបន្តិចបន្ទួយតែប៉ុណ្ណោះ។ ចំពោះការលិច លង់នេះ លោក និងក្រុមការងារកំពុង រកវិធីសាស្រ្តដើម្បីរំដោយទឹកចេញឲ្យហូរទៅសមុទ្រ ហើយមានការលិចលង់នេះ ដោយសារប្រព័ន្ធលូកកស្ទះដោយសារសំរាម និងមានស្មៅដុះពីលើដែលជាបញ្ហា ធ្វើឲ្យទឹកហូរមិនទាន់នៅមានភ្លៀងធ្លាក់ខ្លាំង។
ពេលមេឃរាំងបន្តិច លោកនឹងដាក់អេស្កាវ៉ាទ័រចូលកាយឲ្យបានផ្លូវទឹកធំហើយ ហូរបានលឿនចូលទៅក្នុងសមុទ្រ។ លោកក៏សូមអំពាវរនាវដល់ប្រពលរដ្ឋទូទាំងខេត្ត កុំបោះសំរាមចូលប្រព័ន្ធ លូនាំឲ្យកកស្ទះ ហើយសូមកុំរំលោភយកដីអូរជាបណ្តាញផ្លូវទឹកហូរ ហើយសូមឲ្យបងប្អូនចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីសោភ័ណ្ឌភាពខេត្ត និងសុខភាពហើយលោកសូម ឲ្យប្រជាពលរដ្ឋរស់នៅ តាមបណ្តាមាត់សមុទ្រមានការប្រងប្រយ័ត្នឲ្យបានខ្ពស់៕