(សៀមរាប)៖ «ស្រា ឬសុរា» ដែលយើងស្គាល់នោះ មិនមែនគ្រាន់តែសម្រាប់ទទួលទាននោះទេ ពោលវាមានសារសំខាន់ច្រើនណាស់តាំងពីបុរាណកាលមក ទាំងកិច្ចពិធីក្នុងការរស់នៅរបស់មនុស្ស ទាំងពេលកើត ទាំងពេលស្លាប់ សាសនា ជំនឿ ប្រពៃណី ទំនៀមទម្លាប់ ព្រោះមនុស្សជឿថាជាតម្រូវការរបស់ទេព ឬអមនុស្ស (សំដៅដល់អ្វីៗដែលមិនមែនជាមនុស្ស)។
តាមរយៈបទបាឋកថាអំពី «ស្រា» របស់លោក អាំង ជូលាន សាស្ត្រាចារ្យឯកទេសនរវិទ្យា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា កន្លងមកនេះ បានលើកឡើងថា នៅក្នុងបរិបទខ្លះមានកិច្ចពិធីជាដើម ស្រាជាវត្ថុមានជីវិត ត្រូវនឹងភាសាអង់គ្លេសថា «Spirits» មានន័យថាព្រលឹង ឬវិញ្ញាណ» ចំណែកភាសាបារាំង គឺ «Spiritueur ឬ eau de vie» មានន័យថាទឹកនៃជីវិត។ ន័យទាំងនេះ គឺបានបញ្ជាក់ពីតម្លៃសំខាន់នៃស្រា ដូចជា ការយល់ឃើញ និងការប្រតិបត្តិរបស់ខ្មែរដែរ។
លោកសាស្ត្រាចារ្យបញ្ជាក់ថា ភាពសំខាន់នៃស្រា ត្រូវបាត់ចាត់ទុកជាភេសជ្ជៈដ៏ពិសិដ្ឋ ដែលមិនមែនគ្រាន់តែផឹកកម្សាន្ត ផឹកឱ្យឆ្ងាញ់នោះទេ តែជាមធ្យោបាយភ្ជាប់មនុស្សទៅនឹងទេព (Communion) និងជំរុញឱ្យមានវត្តមានទេពនៅក្នុងកិច្ចពិធី។
លោកសាស្ត្រាចារ្យ ជូលាន បានបង្ហាញអំពីភស្តុតាងមួយចំនួនដែលបញ្ជាក់ថា ស្រាជាមធ្យោបាយភ្ជាប់ខ្លួនទៅទេពនេះ គឺមានទាំងបរទេស និងខ្មែរ ពិសេសគឺជនជាតិភាគតិចនៅខេត្តកំពង់ស្ពឺ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី អំពីការប្រើប្រាស់ស្រាក្នុងការរស់នៅ ដោយយកស្រាធ្វើជាគ្រឿងសំណែនដ៏សំខាន់ក្នុងកិច្ចពិធីដូចជា៖
នៅប្រទេសជប៉ុន សាសនាស៊ិនតូដែលជាសាសនាដើមដ៏ចំណាស់ ហើយត្រូវបានគោរពដោយអធិរាជជប៉ុនផងនោះ គេតែងយកស្រាទៅតម្កល់ទុកនៅក្នុងទីសក្ការៈ និងប្រគេនបុព្វជិត។
ចំពោះគ្រិស្តសាសនា ស្រាទំពាំងបាយជូរត្រូវបានចាត់ទុកជាស្រាដ៏ពិសិដ្ឋ ប្រដូចទៅនឹងឈាមរបស់ព្រះគ្រិស្តដែលទ្រង់បានបូជា។ ដូច្នេះគ្រិស្តបរិស័ទទាំងនោះតែងទទួលទានស្រាទំពាំងបាយជូរនាឱកាសពិសេសៗ គឺដូចបានភ្ជាប់ខ្លួនទៅនឹងព្រះ និងបញ្ចូលព្រះក្នុងខ្លួនដូច្នោះដែរ។
សម្រាប់ជាតិពន្ធុផ្សេងៗនៅកម្ពុជាវិញ ស្រាដែលបរិសុទ្ធ គឺស្រាស ដែលប្រជាជនបិតតាមទម្លាប់ សម្រិតសម្រាំងនូវគ្រឿងផ្សំ មិនមានថែមទឹក ឬប្រើសារធាតុគីមីលាយឡំ។ គេបានយកស្រានេះទៅប្រើក្នុងកិច្ចសំខាន់ៗជាច្រើនពេលប្រារព្ធពិធីអ្វីមួយ ឬមានបញ្ហាអ្វីមួយកើតឡើងចំពោះគ្រួសារ និងសង្គមដែលរស់នៅរស់ដូចជា៖
ជនជាតិភាគតិចព្នង គ្រឹង ទំពួន ក្រវិត នៅខេត្តរតនគិរី មណ្ឌលគិរី ស្រា និងឃ្មោះ គឺជារបស់សំខាន់បំផុតដែលមានរក្សាទុកគ្រប់ផ្ទះ ឬក៏មានរោងមួយសម្រាប់តម្កល់ស្រា និងឃ្មោះរួមផងដែរ។
ពួកគេបានទុកស្រាជាវត្ថុមានជីវិត។ មុនពេលបើកផឹកស្រាថ្មី គេតែងនិយាយជាមួយស្រាសិន ហើយអ្នកដែលចូលរួមក៏ត្រូវផឹកដែរ។ ជំនឿមួយបែបទៀត នៅពេលគេផ្លាស់ប្តូរទីលំនៅ គេក៏តែងយកស្រាមកផឹកជាមួយគ្នា។ នៅពេលប្រសូត្រកូន បុរសជាប្តី និងអ្នកជិតខាងក៏ត្រូវផឹកស្រា ដើម្បីឱ្យការឆ្លងទន្លេបានរលូន។ ពេលកប់សព គេតែងដាក់ស្រាជាមួយនឹងពាងសពដែលគេវាយបំបែកគូទ ដើម្បីកុំឱ្យខ្មោចត្រឡប់ទៅផ្ទះ។
ចំពោះការព្យាបាលជំងឺ ស្រាក៏ត្រូវបានជនជាតិភាគតិចយកមកសែនព្រេនដល់ទេព និងចូលរួមផឹកជាមួយអ្នកភូមិ ដើម្បីឱ្យអ្នកជំងឺឆាប់បានជាសះស្បើយ បើអ្នកនោះមានជីវភាពធូធារ គេក៏កាប់ក្របីបូជាដល់ទេពផងដែរ។ ចំពោះស្ថានភាពពិសេសខ្លះសម្រាប់អ្នកធ្វើចម្ការ គេតែងស្ពាយកាផាដាក់ពាងស្រាពីក្រោយ ដើម្បីទុកផឹកសុំឱ្យឧបករណ៍កាប់ឆ្ការនោះមុតប្រើការល្អ។ រីឯអ្នកមានកូនតូច ហើយចាប់ផ្តើមមានផ្ទៃពោះទៀត គេក៏ជុំគ្នាផឹកស្រា ដើម្បីសុំឱ្យកូនបងកុំច្រណែននឹងកូនប្អូន ក្រោយពេលកូនប្អូនកើតមក។ល។
សម្រាប់ជនជាតិភាគតិចព័រ/សួយនៅខេត្តកំពង់ស្ពឺក៏ដូច្នោះ ស្រាគឺជាវត្ថុដ៏សំខាន់ដែលគេគោរពបំផុត ហើយក៏ត្រូវបានយកមកប្រើក្នុងពិធីមួយចំនួនដូចជនជាតិភាគតិចនៅខេត្តមណ្ឌលគិរី និងរតនគិរីផងដែរ។ តែមានករណីខ្លះ គឺប្លែកត្រង់ពេលចូលឆ្នាំ គេឱបពាងស្រា ហើយមានអ្នកប្រដេញដណ្តើម ដូចកីឡាបាល់ឱប ហើយយកមកធ្វើពិធីយ៉ាងសប្បាយរីករាយ។
ចំពោះប្រជាជនខ្មែរនៅតំបន់ប្រាសាទសំបូរព្រៃគុក នៅពេលបិទវដ្តស្រូវម្តងៗ ប្រជាជនបាននាំគ្នាដើរប្រមូលស្រាតាមផ្ទះ ហើយធ្វើពិធីហែហមយ៉ាងសប្បាយរីករាយ ឯអ្នកខ្លះក៏មានកាន់ស្រា១ដបតូច ជាមួយធូបទៀន និងនំជាល ដើម្បីយកទៅថ្វាយអ្នកតា។ ក្នុងពេលសែនព្រេន គេតែងច្រូចស្រាលើអ្នកតា និយាយនឹងស្រា ហើយផឹកស្រារួមគ្នា ដើម្បីជាការភ្ជាប់ខ្លួននឹងទេព និងបំពេញសំណូមពរអ្នកសុំ។
ក្រៅពីនោះ ស្រាក៏ត្រូវបានប្រើក្នុងពិធីឆ្លងវ័យ ដូចជា ប្រើសម្រាប់សែនព្រេននៅពេលកើត ការផឹកជួបជុំអបអរកំណើតថ្មីជាមួយអ្នកភូមិ ការសែនបញ្ជូនដល់ខ្មោចដូនតាឱ្យបានដឹងឮ ជួយថែករក្សាការពារកូនចៅ។ បើចំពោះក្មេងស្រីពេលពេញវ័យ ចូលម្លប់ក៏យកស្រាមកសែនឱ្យទេពដឹងឮ និងសែនដល់កញ្ជើស្រូវ ដើម្បីឱ្យដឹងថានាងម្នាក់នោះនឹងចូលម្លប់ហើយ សូមឱ្យមានសិរីសួស្តីគ្រប់ប្រការ ហើយម្ចាស់ខ្លួនក៏ត្រូវផឹកស្រានោះដែរ (ឱ្យខ្មោចម្លប់ដឹង) ជាមួយអ្នកចូលរួម។
បន្ថែមពីនោះ គេក៏ឃើញវត្តមានស្រាប្រើសម្រាប់ព្យាបាលរោគ តាមរយៈការសែនព្រេនពេលលៀងមេមត់ ដោយដាក់ស្រានៅលើព្រះភូមិ ដើម្បីឱ្យមានជីវិត និងសែនចំពោះព្រះពិស្ណុការ រួមនឹងអ្នកភ្លេង ដើម្បីឱ្យទេពជួយដកពិសឱ្យពរជ័យដល់ម្ចាស់រូបដែលឈឺនោះឱ្យបានជាសះស្បើយ ហើយឱ្យក្រុមភ្លេងលេងភ្លេងត្រូវបែបបទ មិនបង្កការរអាក់រអួលដល់កម្មវិធី។ លើសពីនោះទៀត សង្គមខ្មែរក៏ត្រូវការស្រាប្រើក្នុងកិច្ចពិធីមង្គលការ ចម្រើនអាយុ រហូតដល់បុណ្យសពផង។
ទាំងនេះ សបញ្ជាក់ឱ្យឃើញថា «ស្រា» គឺជាផ្នែកសំខាន់ណាស់ក្នុងកិច្ចពិធីនៃការរស់នៅរបស់មនុស្សទាំងកើត ទាំងស្លាប់ ទាំងក្នុងសាសនា និងជំនឿជីវចលទៅលើទេព ដែលពិបាកនឹងបដិសេធ ឬលុបបំបាត់ចោល ព្រោះគេជឿថាជាតម្រូវការរបស់ទេព។
ពាក់ព័ន្ធនឹងទំនាក់ទំនងពីមនុស្សទៅនឹងទេពនេះដែរ លោកសាស្ត្រាចារ្យ អាំង ជូលាន បានបន្ថែមថា ក្រៅពីស្រា ខ្មែរក៏មានការប្រើជាសំឡេង (ឧបករណ៍ភ្លេង) ពន្លឺ (ទៀន) ផ្សែង (ធូប) ដើម្បីជាស្ពានភ្ជាប់ទៅនឹងទេព។ ធូបប្រដូចទៅនឹងច្រមុះ ពន្លឺជាភ្នែក រីឯសំឡេងប្រៀបនឹងត្រចៀក ដែលជាមធ្យោបាយដើម្បីទាក់ទាញទេពឱ្យមកជិត ដើម្បីបំពេញសំណូមពរដែលយើងសុំ។
យើងអាចទាក់ទងនឹងទេពបាន គឺតាមកាលៈទេសៈមួយដែលយើងរៀបចំធ្វើកិច្ចក្នុងមួយរយៈកំណត់ ដោយរៀបជាស្ពានភ្ជាប់ពីមនុស្សទៅទេព។ ស្ពាននោះ ពេលចម្លងគឺជាអ្វីដែលធ្វើឱ្យមនុស្សមិនមែនជាមនុស្ស។ ពេលនោះ អ្នក និងទេពបានរលាយចូលគ្នានៅជាមួយនឹងគ្នា។ ទេពដឹងឮ និងមើលឃើញនូវអ្វីដែលអ្នករៀបចំក្នុងបំណងមកជួបទេព។ ទេពនឹងបំពេញតាមសំណើសុំ ដោយជួយជ្រោមជ្រែងដោះស្រាយតាមសំណូមពរ៕