(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ៩វត្ត នៅក្នុងស្រុកសង្គមថ្មី។
នៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្គមថ្មី, លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ព្រមទាំងអនុប្រធានក្រុមការងារ និងថ្នាក់ដឹកនាំស្រុកឃុំជាច្រើនរូបទៀត នៅក្នុងវត្តតសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី។
លោក ចាន់ នន់វិទ្យា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ដែលជានិច្ចជាកាលលោកតែងគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារយើង។
លោក ចាន់ នន់វិទ្យា បានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់គ្រប់ពេលវេលា ពោលគឺរាល់ពេលដែលប្រជាពលរដ្ឋ ជួបហេតុការណ៍មានភ្លៀង មានទឹកជំនន់ មានគ្រោះរាំងស្ងួត តែងតែមានក្រុមការងាររបស់សម្តេចចាំជួយបងប្អូនគ្រប់ពេលវេលា មិនឲ្យបងប្អូនមានលំបាកនោះទេ។ ករណីនេះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ លោកយាយលោកតាគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជារៀងរហូតមក។
ជាមួយគ្នានោះដែរ លោក ចាន់ នន់វិទ្យា ក៏បានសំដែងនូវការអរគុណចំពោះលោក សំ លាងទ្រី និងក្រុមការងារទាំងអស់ ដែលជានិច្ចជាកាលបានលះបង់នូវកម្លាំងកាយចិត្ត និងថវិកា ចូលរួមអភិវឌ្ឍន៍កសាងទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ និងក្នុងស្រុកសង្គមថ្មីឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ថវិកាដែលត្រូវប្រគេនព្រះសង្ឃ ក្នុងពិធីប្រគេនទៀនវស្សាក្នុងឱកាសនេះមានចំនួន ២៣៤៧៥៥០០រៀល ដែលថវិកានេះ គឺបានមកពីការចូលរួមពីក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្ត។
ជាមួយគ្នានោះ ក្រុមការងារក៏បានចែកជូនអំណោយជូនលោកយាយ លោកតា ក្នុងម្នាក់ៗ ទទួលបានក្រម៉ា១ ថវិកា៥០០០រៀលនិងឆត័១ ចំណែកសិស្សានុសិស្ស៥០០នាក់ ទទួលបានថវិកា ក្នុងម្នាក់ៗ៥០០០រៀល។ ជាមួយគ្នានោះ ក្រុមការងាររួមនិងព្រះសង្ឃប្រជាពលរដ្ឋ សិស្សានុសិស្ស បាននាំគ្នាដាំដើមឈើនៅក្នុងបរិវេណវត្តតាសែងផងដែរ៕