(ភ្នំពេញ)៖ សភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលហៅកាត់ថា «ASEP» លើកទី១១ នៅចុងឆ្នាំ២០២០ខាងមុខនេះ។ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំនេះឲ្យទទួលបានជោគជ័យ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតគណៈកម្មការ អនុគណៈកម្មការ និងលេខាធិការដ្ឋានជាតិ រៀបចំកិច្ចប្រជុំនេះ និងបានផ្សព្វផ្សាយផ្តើមដំណើរការងារខ្លួនជាផ្លូវការចាប់ពីពេលនេះទៅ។
លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ត្រូវបានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្រេចធ្វើជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP លើកទី១១ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា ជាអនុប្រធានគណៈកម្មការរៀបចំ។ ចំណែកលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ជាប្រធានលេខាធិការដ្ឋានជាតិ ASEP ដោយមានលោក ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ជាអនុប្រធាន។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) មានឈ្មោះជាភាសាអង់គ្លេស «Asia-Europe Parliamentary Partnership Meeting»។ ASEP គឺជាផ្នែកមួយនៃ កិច្ចប្រជុំភាពជាដៃគូតំបន់អាស៊ី-អឺរ៉ុប ដែលហៅកាត់ថា «ASEM» ។ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ASEM លើកទី១៣ នៅក្នុងឆ្នាំ២០២០នោះដែរ ហើយសមាជិកសភាដែលជាប្រទេសសមាជិក ASEM នឹងត្រូវមកចូលរួមកិច្ចប្រជុំ ASEP ដែលសភាកម្ពុជាធ្វើជាម្ចាស់នេះ។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលហៅកាត់ថា «ASEP» មានគោលបំណងជំរុញទំនាក់ទំង ការផ្លាស់ប្តូរបទពិសោធន៍ និងការទូតអន្តរជាតិសភាក្នុងចំណោមសភា លើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជននិងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីនិងអឺរ៉ុប។
ជាមួយនឹងការប្រកាសសមាសភាពក្រុមការងារទំាងកម្រិតថ្នាក់ដឹកនាំនិងក្រុមការងារបច្ចេកទេស នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា លោកបណ្ឌិត ងួន ញ៉ិល បានជំរុញឲ្យមានការខិតខំបំពេញភារកិច្ចតាមការចាត់តំាងរបស់ថ្នាក់ដឹកនាំប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាពខ្ពស់។ ជាពិសេសបំពេញការងារតាមកាលបរិច្ឆេទ ឲ្យបានទៀងទាត់ ដូចជាការកំណត់ប្រធានបទកិច្ចប្រជុំ និងខ្លឹមសារពាក់ព័ន្ធនានា។
ឆ្លងកាត់បទពិសោធន៍ក្នុងការរៀបចំវេទិកាអន្តរសភាជាច្រើនលើកមកហើយ លោកបណ្ឌិតប្រធានគណៈកម្មការរៀបចំ សង្ឃឹមថា ការទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១នេះ នឹងដំណើរទៅដោយរលូនប្រកបដោយភាពជោគជ័យ លើកកម្ពស់កិត្យានុភាពសភាកម្ពុជា និងប្រទេសជាតិទំាងមូលលើកឆាកអន្តរជាតិបន្តទៀត៕