Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តស្វាយរៀង ណែនាំដល់ពលរដ្ឋកុំឲ្យពាក់ព័ន្ធបទល្មើសវិស័យជលផល

18-07-2019 12:13

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសំណូមពរដល់ប្អូនប្រជាពលរដ្ឋត្រូវចៀសវាងពាក្យ «កុំ» ចំនួន៣ ពាក់ព័ន្ធនឹងវិស័យជលផលរួមមាន៖ ទី១ កុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងការនេសាទ (ដូចជាឧបករណ៍ឆក់ និងស្បៃមុង), កុំទី២ កុំចាប់ត្រីក្នុងរដូវហាមឃាត់ (រដូវត្រីពង) និងកុំទី៣ កុំយកបឹង ព្រែក ប្រើប្រាស់ខុសទិសដៅដូចជាចាក់លុបដី និងសាងសង់សំណង់ផ្សេងៗ ដែលមិនត្រឹមតែជាទង្វើខុសច្បាប់ ប៉ុន្តែនឹងធ្វើឲ្យប៉ះពាល់ដល់ជម្រកត្រី និងប្រព័ន្ធជីវចម្រុះ។

ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងទិវាមច្ឆាជាតិ ០១ កក្កដា ២០១៩ នៅបរិវេណមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលសហការរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអង្គការសន្តិសេនា និងមានការចូលរួមពីលោក លោកស្រីប្រធាន មន្ទីរ-អង្គភាពនានា លោកអភិបាលក្រុងស្វាយរៀង យុវជន ស.ស.យ.ក.ខេត្ត យុវជនកាកបាទក្រហមខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិតសរុបវត្តមានចំនួន៤៥០នាក់។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ចូលរួមឲ្យបានកាន់តែសកម្មថែមទៀត ក្នុងចលនាព្រលែងកូនត្រីឲ្យបានគ្រប់ទីកន្លែងនៅមូលដ្ឋាន ឲ្យក្លាយជាប្រពៃណីព្រលែងកូនត្រី ដើម្បីបង្កើនផលត្រីឲ្យបានកាន់តែច្រើនសម្រាប់បម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

ដើម្បីផ្សារភ្ជាប់នឹងឱកាសទិវាមច្ឆជាតិនេះ អភិបាលខេត្ត ក៏បានផ្ដល់កិត្តិយសព្រលែងកូនត្រី ចំនួន ១០០.០០០ក្បាល ទៅក្នុងទន្លេវ៉ៃគោផងដែរ៕