(ព្រៃវែង)៖ ស្រូវរដូវវស្សារបស់ប្រជាកសិករ២ស្រុក នៅស្រុកស៊ីធរកណ្តាល និងស្រុកកំចាយមារ ខេត្តព្រៃវែង កំពុងជួបគ្រោះរាំងស្ងួត ហើយក្នុងចំណោមស្រូវជួបគ្រោះរាំងស្ងួត ឃើញមានមន្ត្រីជំនាញចុះអន្តរាគមន៍ជួយបណ្តើរៗហើយ។
ក្នុងនោះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បាននាំយកម៉ាស៊ីនបូមទឹក ៦៥សេស ចំនួន ០២គ្រឿង បូមទឹកសង្រ្គោះស្រូវវស្សាចំនួន ៦២០ហិកតា ស្ថិតនៅឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ជួបគ្រោះរាំងស្ងួត ដែលកំពុងខ្វះទឹក ដោយប្រើម៉ាស៊ីនបូមពីព្រែករំលេច ដាក់ក្នុងប្រឡាយមេរំលេច រួចឲ្យកសិករបូមទឹកបន្តបញ្ចូលស្រែ។
ខណៈស្រូវវស្សារបស់កសិករនៅឯស្រុកកំចាយមារ កំពុងជួបគ្រោះរាំងស្ងួតដូចគ្នា មិនទាន់មានការអន្តរាគមន៍ជួយ ខ្វះប្រភពទឹក ទាញយកទឹកស្រោចស្រពស្រូវ។ ជុំវិញបញ្ហានេះលោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ និងលោកអភិបាលរងស្រុក រួមទាំងការិយាល័យជំនាញពាក់ព័ន្ធ មេឃុំ ក្រុមប្រឹក្សាឃុំជាច នាយប៉ុស្តិ៍ បានចុះពិនិត្យមើលស្រូវរបស់ប្រជាកសិករដែរ តែមិនទាន់មានវិធានការឆ្លើយតបនៅឡើង។
ប្រជាកសិករនិយាយថា ស្រូវវស្សាកំពុងជួបគ្រោះរាំងស្ងួត និងរងការខូចខាតដោយ គ្រោះរាំងស្ងួតមានជិត ៣,០០០ហិចតា ហើយតាមរយៈអាជ្ញាធរចុះមកពិនិត្យ ពួកគាត់ប្រាប់ថា នឹងធ្វើការស្នើសុំ ឲ្យជួយអន្ដរាគមន៍សង្រ្គោះបន្ទាន់ ពីមន្ទីរកសិកម្មខេត្តព្រៃវែង និងមន្ទីរធនធានទឹកខេត្តព្រៃវែង ឆាប់ៗនេះហើយ៕