(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា, លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ព្រមទាំងលោកជំទាវ និងលោកស្រី សមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំយកនូវបច្ច័យ ទៀនវស្សា និងទេយ្យទានជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃតាមវត្តនីមួយៗ ចំនួន៣វត្ត នៅក្នុងខេត្ត និងបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ សម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសគង់ចាំព្រះវស្សាអស់កាល៣ខែ។
តាមការឲ្យដឹងពីលោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ឲ្យឈានចូលរដូវបុណ្យទៀនម្តងៗ លោកជំទាវជាសមាជិកាប្រតិបត្តិ លោកជំទាវថ្នាក់កិត្តិយស រួមជាមួយនឹងលោកជំទាវ និងលោកស្រី សមាជិកាគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តែងតែបានរួបរួមសាមគ្គីគ្នា បរិច្ចាកទាំងថវិកា និងសម្ភារៈ ប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្ត ដែលកង្វះខាត់ និងនៅជនបទ។
គណៈកម្មការ និងអាចារ្យតំណាងវត្តនីមួយៗ បានសម្តែងនូវទឹកចិត្តសោមនស្សក្រៃលែង ចំពោះលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ, លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ព្រមទាំងលោកស្រី ជាសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ទាំងអស់ ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា បានចំណាយធនធានផ្ទាល់ខ្លួន ដោយនាំយកមកនូវទៀនចំណាំព្រះវស្សារួមជាមួយនឹងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃសម្រាប់ទ្រទ្រង់នារដូវគង់ចាំព្រះវស្សាអស់កាល៣ខែ។
លោកស្រី ឯម ប៉ុណ្ណា បានថ្លែងការកោតសរសើរដល់គណៈកម្មការអាចារ្យ និងគណៈគ្រប់គ្រងបូជនីយដ្ឋាន ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលមានជំនឿជឿជាក់មកលើបារមី លោកតាឧកញ៉ាឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ក៏ដូចមានជំនឿលើវិស័យព្រះពុទ្ធសាសនានោះ តែងតែនាំយកមកនូវទៀនចំណាំព្រះវស្សា ថវិកា និងគ្រឿងឧបភោគ បរិភោគ និងដង្វាយផ្សេងៗ ចូលមកបន់ស្រន់ និងចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់មានការអភិវឌ្ឍន៍ សម្រាប់ទីកន្លែងគោរពបូជា របស់ពុទ្ធបរិស័ទគ្រប់ៗរូបហូរហែរជារៀងរាល់ថ្ងៃ។
ដោយមានជំនឿជឿជាក់បារមី និងប្រកាន់ភ្ជាប់នូវទំនៀមទំលាប់នេះហើយ ទើបធ្វើឲ្យទីតាំងវត្តអារាម និងបូជនីដ្ឋានមួយនេះ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍ និងឈានទៅចែករំលែក ទាំងវិស័យមនុស្សធម៌ ជួយដល់ជនក្រីក្រ និងទីវត្តអារាម ដែលអត្តខាត់ថែមទៀតផង។ លោកជំទាវតែងតែបានចាត់ទុកថា ការចូលរួមទាំងថវិកា និងសម្ភារៈបរិក្ខា របស់លោកឧកញ៉ា លោក និងលោកស្រីថ្នាក់ដឹកនាំ ក៏ដូចសប្បុរសជន ទាំងក្នុង និងក្រៅខេត្ត នាពេលនេះគឺជាការកសាងនូវ កុសលផលបុណ្យមួយដ៏ធំ ក្នុងការរួមចំណែកជួយដល់ការងារសង្គម បានចូលជ្រួតជ្រាបដល់ ក្រអៅបេះដូងដល់ជនងាយរងគ្រោះគ្រប់ៗរូប និងគ្រប់អង្គផងដែរ ហើយសូមឲ្យសកម្មភាពមនុស្សធម៌ កាន់តែរីកសាយដល់ជនគ្រប់ៗ រូបនិងស្ថិតស្ថេររហូត ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យទាំងនេះ បានជូនដល់មាតា បិតាជីដូនជីតានិងញាតិការទាំងប្រាំពីសន្តានកុំបីអាក់ខានឡើយ។
សូមបញ្ជាក់ថា ឆ្នាំនេះសាខាសមាគមនារីខេត្ត ដោយបានការចូលរួមបន្ថែមពីលោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី បានរៀបចំទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ យកទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាដល់ទីកន្លែង ចំនួន៣វត្ត គឺវត្តព្រៃអំពួច ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង, វត្តបឹងស្តុក ស្ថិតក្នុងភូមិ ព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ, បូជនីដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន និងវត្តឈើទាលរូង ស្ថិតក្នុងភូមិព្រៃឳម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយក្នុងមួយវត្ត បច្ច័យកសាង២លានរៀល ប្រគេនព្រះសង្ឃ១៧អង្គ ក្នុងមួយអង្គបច្ច័យ៧ម៉ឺនរៀល ទៀនវស្សាមួយគូ អង្ករ១០០គីឡូក្រាម ក្រៅពីនោះគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនទៀត។ ដោយមើលឃើញថា សាលាបឋមសិក្សាអំពួច ដែលនៅជាប់វត្តព្រៃអំពួច មានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការសិក្សា, លោកស្រី ហ៊ុន ចាន់ធី បានអំពាវនាវ ដល់សមាជិកាសាខាសមាគមនារីខេត្ត ក៏ដូចជាសប្បុរសជន ចូលរួមជាថវិកា ដើម្បីសាងសង់អគាសិក្សាថ្មីឡើង ងាយស្រួលដល់ក្មួយសិស្សានុសិស្សរៀនសូត្រ៕