(ភ្នំពេញ)៖ ក្រុមហ៊ុន វីតាល់ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ខ្លួនដោយបុគ្គលិកទាំងអស់ ជាង ៨០០នាក់ បានចុះឈ្មោះជាសមាជិកគាំទ្រ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រមូលបានថវិការសរុប ៨៦,១៨០,០០០ រៀល ជូនដល់មូលនិធិ ។
កម្មវិធី ចុះឈ្មោះជាសមាជិកគាំទ្រមូលនិធិគន្ធបុប្ផានេះ បានប្រារព្ធឡើងនៅព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩ នៅបរិវេណរោងចក្រផលិតទឹកពិសាវីតាល់ ក្រោមវត្តមាន លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ក៏ជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកជំទាវអគ្គនាយិការក្រុមហ៊ុន វីតាល់ ព្រមទាំងបុគ្គលិកវីតាល់ជាច្រើននាក់ផងដែរ ។
លោកស្រី ងួន សុខា នាយិការប្រត្តិបត្តមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន វីតាល់ ជាពិសេសថ្នាក់ដឹកនាំដែលមានលោកជំទាវ ជឹង សុគន្ធាវី ជាប្រមុខ ដែលតែងតែគាំទ្រយ៉ាងសកម្មនូវសកម្មភាពមនុស្សធម៌ ជាក់ស្តែងដូចកម្មវិធីលើកនេះ វីតាល់បានក្លាយជា ក្រុមហ៊ុនគំរូ ក្នុងការដឹកនាំបុគ្គលិកគ្រប់ជាន់ថ្នាក់សរុបជាង ៨០០នាក់ ចុះឈ្មោះជាសមាជិកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបម្រូលថវិការជួយដល់មន្ទីពេទ្យគន្ធបុប្ផា។
លោកស្រីនាយិកាប្រតិបត្តិ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវអោយក្រុមហ៊ុន សហគ្រាសដទៃទៀត យកគំរូតាមក្រុមហ៊ុនទឹកបរិសុទ្ធ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាយើង ។
លោកស្រី ជឹង សុគន្ធាវី បានសូមថ្លែងអំណរគុណដល់បុគ្គលិកវីតាល់ ជាពិសេសថា្នក់ដឹកនាំក្រុមហ៊ុន ដែលបានចូលរួមវិភាគទានជាសមាជិកគាំទ្រច្រើនជាងមួយឆ្នាំ ដែលខ្លះមានចំនួន ៥ឆ្នាំ ឬ ១១ឆ្នាំ តាមលទ្ធភាពដែលអាចធ្វើទៅបាន។ សកម្មភាពនេះបានធ្វើឲ្យថវិកានៃការប្រមូលបានមានចំនួនច្រើនជាងការរំពឹងទុក។ លោកជំទាវ បានបន្ថែមថា កម្មវិធីចុះឈ្មោះជាសមាជិកគាំទ្រ មូលនិធិគន្ធបុប្ផា នៃបុគ្គលិកវីតាល់ជាង ៨០០នាក់នេះ គឺគ្រាន់តែជាចំណុចចាប់ផ្តើមនៃការសហការរវាងវីតាល់ និងមូលនិធិគន្ធបុប្ផាប៉ុណ្ណោះ។
វីតាល់មានការតាំងចិត្តក្នុងការចូលរួមបង្កើតជាគម្រោងសហការណ៍ជាច្រើនបន្ថែមទៀតដើម្បីបរិច្ចាគ និងផ្សព្វផ្សាយ ពីគោលការណ៍នៃមូលនិធិឲ្យកាន់តែទូលំទូលាយក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន វីតាល់ សង្ឃឹមថានឹងមានក្រុមហ៊ុន ឯកជនដទៃទៀតអនុវត្តតាមវីតាល់ ដោយណែនាំបុគ្គលិកឲ្យចូលជាសមាជិកគាំទ្រទៅមូលនិធិ គន្ធបុប្ផាកម្ពុជា។ ស្របពេលជាមួយគ្នានេះ ប្រជាពលដ្ឋកម្ពុជា ទូទៅ ក៏អាចចូលរួមចុះឈ្មោះជាសមាជិកគាំទ្រច្រើនជាង១ឆ្នាំ តាមលទ្ធភាពដែលអាចធ្វើទៅបាន អាច១៥ឆ្នាំ ឬ ១០០ឆ្នាំ ។
លោកអ្នកអាចចុះ ការចុះឈ្មោះចូលជាសមាជិកគាំទ្រ មូលនិធិគន្ធបុប្ផាកម្ពុជា ដោយទាក់ទងផ្ទាល់ទៅមូលនិធិគន្ធបុប្ឆាកម្ពុជា ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច ឬទាក់ទងតាមលេខទូរសព្ទ័ 061701111 ៕