(ភ្នំពេញ)៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា អនុម័តសេចក្តីស្នើច្បាប់ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ ដែលមានគោលដៅដាក់ទណ្ឌកម្មមន្រ្តីកម្ពុជា ដោយសភាអាមេរិកនោះ បានបង្ហាញឱ្យឃើញជាក់ស្តែងនូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ។

អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៣មក ការបោះឆ្នោតទាំងឡាយនៅកម្ពុជា តែងប្រព្រឹត្តទៅដោយទៀងទាត់តាមពេលវេលាកំណត់ ដោយមានគណបក្សច្រើនចូលរួម ហើយស្ថិតក្រោមភ្នែករបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ ការបោះឆ្នោតទាំងនោះ សុទ្ធតែត្រូវបានទទួលស្គាល់ថា សេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានទាំងអស់គ្នា។ ព្រះរាជាណាចក្រកម្ពុជា អនុវត្តដោយខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។ ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា បានធ្វើឡើង បន្ទាប់ពីសមាជិក សភាតំណាងរាស្រ្តរបស់ សហរដ្ឋ អាមេរិក បាន អនុម័ត ជា ឯកច្ឆ័ន្ទ នូវ សេចក្តី ស្នើ ច្បាប់ ស្តីពី លទ្ធិ ប្រជាធិបតេយ្យ នៅ កម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ដើម្បី ដាក់ ទណ្ឌកម្មមន្ត្រី កម្ពុជា ដោយចោទថា បានធ្វើឱ្យធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ។

ព្រឹទ្ធសភាកម្ពុជា បានឆ្លើយតបនឹងសេចក្តីស្នើច្បាប់នោះថា៖ ព្រះរាជាណាចក្រកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិ-សុខសាធារណៈ ហើយប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះបីក្រោមរូបភាពណាក៏ដោយ។

ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងគាំទ្រការខិតខំជាអតិបរមារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាល យកចិត្តទុកដាក់ជាអាទិភាព ចំពោះការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យទទួលបាន សមិទ្ធផលកាន់តែល្អប្រសើរថែមទៀត ដើម្បីលើកតម្កើងជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងអនុវត្តគោលនយោបាយការបរទេសយ៉ាងឈ្លាសវៃ ដើម្បីរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសទាំងអស់នៅលើពិភពលោក។

ព្រឹទ្ធសភា បានគាំទ្រការខិតខំរបស់ប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-អាមេរិក ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្អែកលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា៖