(ព្រះវិហារ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា និងកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី ការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ រវាងសហគមន៍កសិកម្មចំនួន១១ ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុន Signatures Of Asia)។
នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Signatures Of Asia និងប្រជាសហគមន៍ជាច្រើនរូបទៀត។
លោកស្រី អ៊ិន ស្តើង អនុប្រធានក្រុមប្រឹក្សាភិបាលសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ បានឲ្យដឹងថា សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ បង្កើតឡើងក្នុងគោលបំណងជំរុញ និងគាំទ្រការផលិតស្រូវសរីរាង្គ ជួយពង្រឹងនិងពង្រីកទីផ្សារកសិផលរបស់ប្រជាកសិករ។ លោកស្រីបន្តថា សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ បាននិងកំពុងធ្វើការគាំទ្រសហគមន៍កសិកម្ម ជាសមាជិករបស់ខ្លួន ក្នុងការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គនូវបរិមាណជាង ១០០០០តោន ជូនក្រុមហ៊ុនដែលជាដៃគូរពាណិជ្ជកម្មបន្តទៀត។
លោកស្រីបន្តទៀតថា ក្នុងពេលវេលាបន្តិចទៀតនោះ បរិមាណស្រូវសរីរាង្គជិត ២០០០តោន នឹងត្រូវចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Signatures Of Asia ជាមួយនិងការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាក្នុងរយៈពេល ១ឆ្នាំផងដែរ។
ជាមួយគ្នានោះលោកស្រី អ៊ន ស្តើង តំណាងឲ្យសហគមន៍ក្នុងខេត្តព្រះវិហារ បានថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្តព្រះវិហារ និងអង្កការដៃគូរផ្សេងៗទៀត ដែលបានសហការជាមួយសហភាព សហគមន៍កសិកម្មព្រះវិហារមានជ័យ ក្នុងការគាំទ្រសហគមន៍កសិកម្មឲ្យផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គតាមកិច្ចសន្យា និងសូមអរគុណដល់ក្រុមហ៊ុន Signatures Of Asia ក្នុងការបន្តភាពជាដៃគូសហប្រតិបត្តិការក្នុងរយៈពេលជាច្រើនឆ្នាំមក ហើយក៏សង្ឃឹមជឿជាក់ថា ភាគីទាំងពីរនឹងបង្កើតបាននូវកិច្ចសហប្រតិបត្តិការល្អ ក្នុងពេលវែងឆ្ងាយទៅមុខទៀត។
លោក គង់ ភាជ និងលោក ពឹង ទ្រីដា បានផ្តាំផ្ញើឲ្យសហគមន៍ទាំងអស់អនុវត្តន៍បានខ្ជាប់ខ្ជួនទៅតាមកិច្ចសន្យា ត្រូវខិតខំបង្កបង្កើនផលឲ្យបានច្រើនលក់ទៅក្រុមហ៊ុន, ត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន, ហាមធ្វើអំពើមិនល្អដល់ក្រុមហ៊ុន ដែលធ្វើអោយប៉ះពាល់ដល់សមាជិកសហគមន៍ ពិសេសត្រូវធ្វើឲ្យមានភាពជឿជាក់ជាមួយក្រុមហ៊ុន, ជំរុញឲ្យក្រុមហ៊ុនត្រូវខិតខំប្រមូលទិញស្រូវសរីរាង្គបានដើមដៃ និងត្រូវផ្តល់ថវិកាឲ្យសហគមន៍ឲ្យលឿនទៅតាមកិច្ចសន្យា, ភាគីក្រុមហ៊ុន និងសហគមន៍ត្រូវសហការគ្នាឲ្យបានល្អ ដើម្បីលក់ផលិតផលស្រូវសរីរាង្គឲ្យបានច្រើន ដើម្បីចំណេញដល់សមាជិកសហគមន៍ទៅតាមកិច្ចសន្យាដែលលក់បានថ្លៃ អ្វីដែលជាបញ្ហាត្រូវពិភាក្សាគ្នាដោយភាពស្មោះត្រង់៕