(ព្រះវិហារ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ស្មើនិង៤គ្រួសារ ដែលរងការខូចខាតទាំងស្រុង ដោយសារខ្យល់កន្ត្រាក់ ស្ថិតក្នុងភូមិពោធិ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក អឿន វណ្ណះ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ, លោកបានដឹកនាំកម្លាំងមន្ត្រីកងរាជអាវុធហត្ថក្រោមឱវាទចំនួន ៤១នាក់ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ចំនួន ៤ខ្នង ស្មើនិង៤គ្រួសារនៅភូមិឃុំខាងលើ។
នៅក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមសោកស្តាយពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ ចំពោះហេតុការណ៍គ្រោះធម្មជាតិ ដែលបណ្តាលឲ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋនេះ។
ដូច្នេះដើម្បីជួយសម្រាលនូវការលំបាក ស្របពេលដែលបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ៤គ្រួសារនេះ ដែលកំពុងតែខ្វះខាតនូវកំលាំងពលកម្មផងនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានចាត់មន្ត្រីអាវុធហត្ថខេត្តព្រះវិហារចំនួន ៤១នាក់ ចុះជួយរុះរើផ្ទះជូនប្រជាពលរដ្ឋរងគ្រោះភ្លាមៗផងដែរ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះប្រជាពលរដ្ឋ៤ខ្នងស្មើ និង៤គ្រួសារ នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ បានរងការខូចខាតទាំងស្រុងដោយខ្យល់កន្ត្រាក់ រួមមាន៖
*ទី១៖ ឈ្មោះ សឿន មុំ ភេទស្រី អាយុ២៨ឆ្នាំ
*ទី២៖ ឈ្មោះ វ៉ាន់ នីន ភេទស្រី អាយុ៣១ឆ្នាំ
*ទី៣៖ ឈ្មោះ ចាន់ ឈន ភេទប្រុស អាយុ៥០ឆ្នាំ
*ទី៤៖ ឈ្មោះ ភៀន ផល ភេទស្រី អាយុ៥៧ឆ្នាំ៕