(ភ្នំពេញ)៖ របាយការណ៍ក្រសួងសុខាភិបាលបានឱ្យដឹងថា តាំងពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក រហូតមកដល់ពេលនេះ នៅកម្ពុជាមានជ្រូកងាប់សរុប ២៩៦០ក្បាល។
របាយការណ៍បានបង្ហាញថា ខេត្តដែលផ្ទុះជំងឺនេះ ហើយមានជ្រូកងាប់រួមមាន៖
១៖ ខេត្តត្បូងឃ្មុំ ជ្រូកស្លាប់សរុបចំនួនចំនួន ១១៩ក្បាល។
២៖ ខេត្តស្វាយរៀង ជ្រូកស្លាប់សរុបចំនួន ៩០ក្បាល។
៣៖ ខេត្តតាកែវ ជ្រូកស្លាប់សរុបចំនួន ៤៣ក្បាល។
៤៖ ខេត្តកណ្តាល ជ្រូកស្លាប់ ៣៩ក្បាល
៥៖ ខេត្តរតនគីរី ជ្រូកស្លាប់សរុប ១៩៧៩ក្បាល (បច្ចុប្បនស្ងប់ស្ងាត់ជំងឺហើយ)
ពាក់ព័ន្ធនឹងការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ក្រសួងពាក់ព័ន្ធបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះផងដែរ។ សត្វជ្រូកផ្ទុកជំងឺនេះ ចំនួន៧៩៨ក្បាល ត្រូវបានដុតកម្ទេចចោល ក្នុងនោះមាននៅខេត្តរតនគីរីចំនួន៦០០ក្បាល ត្បូងឃ្មុំចំនួន៦៤ ស្វាយរៀងចំនួន២៣ក្បាល និងខេត្តតាកែវចំនួន១១១ ជាដើម។
ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនមានជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះ ជាហានិភ័យដល់សត្វជ្រូកស្រុក និងជ្រូកព្រៃ ដោយសារមេរោគអាចរស់ បានរយៈពេលយូរក្នុងសាច់ជ្រូកកែច្នៃ សាច់ជ្រូកសម្ងួត និងសាច់ជ្រូកប្រឡាក់។
បច្ចុប្បន្នមិនមានវិធីព្យាបាលជំងឺនេះ ឲ្យជាសះស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយ ដែលមានប្រសិទ្ធិភាពនៅឡើយ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធានការតែមួយគត់ គឺកម្ទេចហ្វូងជ្រូកដែលទទួលរងផលប៉ះពាល់៕