(ចិន)៖ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជាដឹកនាំដោយលោក លីម ដឺលុច ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ អមដំណើរដោយលោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក សូត្រ សារេត អនុប្រធានការិយាល័យ នៃនាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន ចូលរួមសិក្ខាសាលាស្តីពី «ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម និងការផ្តល់សេវាជូន អ្នកជាប់ពន្ធ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទ ១៥កើត ដល់ ថ្ងៃសុក្រ ១៩រោច ខែអាសាឍ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥-១៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងចូវ ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។
សិក្ខាសាលានេះ មានរដ្ឋបាលសារពើពន្ធចំនួន២០ប្រទេសបានចូលរួម និងមានគោលដៅសំខាន់ៗរួមមាន៖
* បង្កើតការយល់ដឹងអំពីមធ្យោបាយ ដែលរដ្ឋបាលសារពើពន្ធត្រូវបំពេញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម
* ផ្តល់ការសិក្សាលម្អិតអំពីផលប៉ះពាល់ទាំងផ្នែកថវិកា និងរដ្ឋបាលដែលជា បន្ទុករបស់អាជីវកម្ម
* ចែករំលែកចំណេះដឹងអំពីវិធីសាស្ត្រ និងការបង្កើនគុណភាពក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធរបស់រដ្ឋបាលសារពើពន្ធ
* វាយតម្លៃពីតម្រូវពីការជាក់លាក់ និងស្វែងរកដំណោះស្រាយស្របតាមស្ថានភាពជាក់ស្តែងរបស់ រដ្ឋបាលសារពើពន្ធនីមួយៗ ។
ក្នុងអង្គសិក្ខាសាលានេះផងដែរ លោក លីម ដឺលុច ត្រូវបានអញ្ជើញធ្វើបទបង្ហាញ ស្តីពី «ការពង្រឹងសេវា អ្នកជាប់ពន្ធតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ» ជូនដល់អង្គសិក្ខាសាលាទាំងមូល ជាពិសេសការផ្លាស់ប្តូរនូវបទពិសោធន៍នៃដំណើរការនៃការធ្វើកំណែទម្រង់របស់អគ្គនាយកដ្ឋាន និង ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ៕