(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី ដែលជាប្រទេសនៅកណ្តាលសមុទ្រ មិនមានលទ្ធភាពក្នុងការដុះនូវកសិផលផ្សេងៗនោះ បានជំរុញឱ្យកម្ពុជាបង្កើនការនាំចូលនូវផលិតផលទៅបំពេញសេចក្តីត្រូវការរបស់ខ្លួន ខណៈបច្ចុប្បន្នការផលិតផលរបស់កម្ពុជា លើទីផ្សាររបស់សិង្ហបុរី មានចំនួនតិចតួចនៅឡើយ។
ការបើកភ្លើងខៀវ និងផ្តល់ក្តីសង្ឃឹមសម្រាប់ផលិតផលកម្ពុជាលើទីផ្សារប្រទេសសិង្ហបុរី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក ឆាន ឈុនស៊ីង (Chan Chun Sing) រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ អាហារថ្ងៃត្រង់នេះរៀបចំដោយលោក ឆាន ឈុនស៊ីង ស្វាគមន៍ចំពោះដំណើរបំពេញបេសកកម្មការងាររបស់លោក ប៉ាន សូរស័ក្តិ នៅក្នុងប្រទេសសិង្ហបុរី ដោយមានការចូលរួមពីវិស័យឯកជនរបស់សិង្ហបុរីចំនួនពីរផងដែរគឺ ក្រុមហ៊ុន NTUC Fairprice និងក្រុមហ៊ុន Enterprise Singapore។
ក្នុងជំនួបនោះ លោក ឆាន ឈុនស៊ីង បានលើកឡើងថា កម្ពុជា ជាប្រទេសមួយមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទំនិញមកសិង្ហបុរី ប៉ុន្តែការនាំចេញដោយកម្ពុជាមកសិង្ហបុរីក្នុងពេលបច្ចុប្បន្ននៅមានចំនួនតិចតួចនៅឡើយ។
ទោះជាយ៉ាងនោះក្ដី លោកនៅតែមានសង្ឃឹមខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដោយទំនិញដូចជា បន្លែ ផ្លែឈើ ត្រីសាច់ ម្ហូបសមុទ្រ សុទ្ធតែជាទំនិញដែលសិង្ហបុរីមានតម្រូវការខ្ពស់។ ក្រៅពីនេះ កម្ពុជាក៏មានសក្ដានុពលខ្ពស់ក្នុងការនាំចូលមកសិង្ហបុរី នូវបរិក្ខារសំណង់ដូចជាស៊ីម៉ង់ត៍ ខ្សាច់ និងទៅអនាគតអាចផ្គត់ផ្គង់ទឹកស្អាត និងថាមពលផងដែរ។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីសិង្ហបុរី ដោយការពង្រឹងកិច្ចសហប្រតិបត្តិការនេះ គឺស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំប្រទេសអាស៊ាន ក្នុងការជំរុញឲ្យរឹតតែច្រើនឡើងនូវការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។
ចំពោះផលិតផលនាំចេញ លោករដ្ឋមន្ត្រីក៏បានណែនាំបន្ថែមដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រុង ដែលសុទ្ធតែជាផលិតផលកំណត់ភូមិសាស្ត្រ ជាពិសេសម្រេចកំពតដែលជាប្រភេទម្រេចល្អលើសគេ និងមានតម្លៃខ្ពស់។ ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានណែនាំអំពីផលិតផលស្វាយ និងអង្ករបន្ថែមទៀត ព្រមទាំងអញ្ជើញក្រុមហ៊ុនសិង្ហបុរី ឲ្យមកស្វែងយល់បន្ថែមឲ្យរឹតតែស៊ីជម្រៅពីផលិតផលសក្ដានុពលរបស់កម្ពុជា។
ឆ្លើយតបនឹងការអញ្ជើញនេះ ក្រុមហ៊ុន NTUC Fairprice ដែលជាប្រតិបត្តិករផ្សារទំនើប (Supermarket) ជាច្រើននៅក្នុងប្រទេសសិង្ហបុរី បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើផលិតផលស្វាយ ម្រេចកំពត និងអង្ករ។ លោកតំណាងក្រុមហ៊ុន បានជម្រាបជូនថា លោកនឹងបញ្ជូនសហការីមកកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីសិក្សាលម្អិតក្នុងការនាំផលិតផលទាំងនោះមកសិង្ហបុរី។
ក្រុមហ៊ុន Enterprise Singapore ក៏មានចំណាប់អារម្មណ៍ខ្ពស់ ព្រមទាំងសង្ឃឹមចូលរួមក្នុងការប្រឹក្សាលើការងារដូចជានគរូបនីយកម្ម ហេដ្ឋរចនាសម្ព័ន្ធ។ល៕