Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីពាណិជ្ជកម្ម សិក្សា និងស្វែងយល់អំពីប្រព័ន្ធ Networked Trade Platform របស់សិង្ហបុរី

17-07-2019 21:41

(សិង្ហបុរី)៖ នៅក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក ហូ ឈីប៉ុង (Ho Chee Pong) អគ្គនាយកគយសិង្ហបុរី ដើម្បីសិក្សា និងស្វែងយល់អំពីការរៀបចំ និងប្រព្រឹត្តនៃប្រព័ន្ធ Networked Trade Platform (NTP) ដែលជាប្រព័ន្ធគយថ្មីមួយរបស់ប្រទេសសិង្ហបុរី។

នៅក្នុងកិច្ចប្រជុំនេះ ភាគីសិង្ហបុរី បានធ្វើបទបង្ហាញ និងពន្យល់ថា ប្រព័ន្ធ NTP ជាប្រព័ន្ធស្វ័យប្រវត្តកម្មថ្មី ដែលបានធ្វើទំនើបកម្មបន្ថែមពីលើប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) របស់សិង្ហបុរី ដែលហៅថា ត្រេដណិត (TradeNet)។

ប្រព័ន្ធ NTP ជាប្រភេទប្រព័ន្ធសមាហរណកម្ម ដោយបានតភ្ជាប់ជាមួយសេវាសាធារណៈរបស់ស្ថាប័ននានារបស់ សិង្ហបុរី ធ្វើឲ្យក្រុមហ៊ុននាំចេញនាំចូលអាចដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបានតាមរយៈច្រកតែមួយ ដោយមិនចាំបាច់ដាក់ពាក្យដោយឡែកនៅតាមស្ថាប័នមានសមត្ថកិច្ចផ្សេងៗឡើយ។ ពាក្យស្នើសុំនឹងពិនិត្យ និងសម្រេចដោយប្រព័ន្ធស្វ័យប្រវត្តដោយផ្ទាល់ លើកលែងតែករណីមួយចំនួនតូចដែលទាមទាឲ្យមានការពិនិត្យដោយមនុស្ស។

ចំណុចពិសេសនៃប្រព័ន្ធ NTP ដែលលើសពីប្រព័ន្ធត្រេដណិត គឺប្រព័ន្ធនេះមិនត្រឹមតែជាប្រព័ន្ធស្វ័យប្រវត្តកម្មដែលសម្រួលដល់ក្រុមហ៊ុននាំចេញនាំចូលក្នុងការស្នើសុំលិខិតអនុញ្ញាតនោះទេ តែបានបើកទូលាយសម្រាប់ការផ្ដល់សេវារវាងក្រុមហ៊ុន និងក្រុមហ៊ុន (Business-to-Business (B2B)) ដោយប្រព័ន្ធ NTP អនុញ្ញាតឲ្យក្រុមហ៊ុនឯកជនដទៃទៀតចូលរួមអភិវឌ្ឍកម្មវិធីភាគីទីបី (Third-Party Application) តាមរយៈការតភ្ជាប់ជាមួយនឹង API របស់ប្រព័ន្ធ។

ការរៀបចំបែបនេះ គឺដើម្បីលើកកំពស់ការប្រើប្រាស់ប្រព័ន្ធនេះជាចំណុចប្រសព្វគ្រប់ជ្រុងជ្រោយ សម្រាប់ទទួលយក ព័ត៌មានស្ដីពីច្បាប់ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ក៏ដូចជាសេវាសាធារណៈ និងសេវាឯកជនជាដៃគូ។

លោក ប៉ាន សូរស័ក្ដិ បានវាយតម្លៃខ្ពស់ចំពោះគំនិតឆ្នៃប្រឌិតរបស់រដ្ឋាភិបាលប្រទសសិង្ហបុរី ដែលតែងតែនាំមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។

លោកបានជម្រាបថា គំនិត និងចំណុចពិសេសមួយចំនួនរបស់ប្រព័ន្ធ NTP អាចយកមកឆ្នៃបន្ថែមនៅក្នុងប្រព័ន្ធស្វ័យប្រវត្តកម្មរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើឲ្យប្រព័ន្ធទាំងនោះរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត នៅថ្ងៃអនាគត៕