Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ចុះផ្សព្វផ្សាយពីជំងឺគ្រុនឈាម និងចែកមុងការពារ ដល់អ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

17-07-2019 20:55

(កំពត)៖ លោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ដឹកនាំក្រុមការងារប្រយុទ្ធជំងឺគ្រុនឈាមខេត្តកំពត ថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យខេត្ត រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យក្នុងអគារជំងឺកុមារ បានចូលរួមសួរសុខទុក្ខ អប់រំផ្សព្វផ្សាយពីជំងឺគ្រុនឈាម និងចែកមុងការពារជំងឺគ្រុនឈាម ដល់អ្នកជំងឺសម្រាកពេទ្យ នៅសាលកុមាររបស់មន្ទីរពេទ្យបង្អែកខេត្ត ចំនួន៥០នាក់ ក្នុងនោះករណីគ្រុនឈាមមាន៣៥ករណី។

ក្នុងឱកាសនោះដែរ លោក ញា ប៊ុនថន បាននាំនូវការសួរសុខទុក្ខពីសំណាក់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល និងផ្តាំផ្ញើដល់ក្រុមការងារឲ្យខិតខំបន្ថែមទៀត។

លោកអះអាងថា ថ្វីត្បិតតែក្នុងរបាយការណ៍គ្រុនឈាមសប្តាហ៍ទី២៨ មានការថយចុះបន្តិចបន្តួចក្តី ប៉ុន្ដែគ្រូពេទ្យត្រូវតែខិតខំបន្តទៀត ក្នុងការចុះផ្សព្វផ្សាយ អប់រំ និងចុះដាក់អាបែតជូនប្រជាជន នៅតាមមូលដ្ឋាន ដែលមានប្រឈមនៃជំងឺគ្រុនឈាមឲ្យបានគ្រប់ជ្រុងជ្រោយ រហូតឈានដល់ការគ្រប់គ្រងបានទាំងស្រុងជាកំហិត៕