(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អមដំណើរដោយថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័នមួយចំនួន រួមមានសមាជិករដ្ឋសភាផងដែរ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានទទួលជួបប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ី ដឹកដោយលោក Dato Seri Syed Hussien Alhabashee សមាជិកសភាពាណិជ្ជកម្មម៉ាឡេស៊ី និងជាអគ្គនាយកក្រុមប្រឹក្សាសាសនាឥស្លាម រដ្ឋសហព័ន្ធម៉ាឡេស៊ី (MAIWP)។
ជំនួបនេះធ្វើឡើងនៅការិយាល័យរបស់ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ទាល់នៅរាជធានីភ្នំពេញ ក្នុងគោលបំណង ពិភាក្សាដើម្បីស្វែងយល់ អំពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យ ក្នុងនោះរួមមាន វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ ទេសចរណ៍ ព័ត៌មានវិទ្យា វិស័យអប់រំ និងវិស័យសំខាន់ៗផ្សេងៗទៀត។
ជាការឆ្លើយតប ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្នុងអត្រាជាង៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍។
ទេសរដ្ឋមន្ដ្រី បន្ដថា កម្ពុជាស្វាគមន៍ និងបើកទូលាយទទួលរាល់ការវិនិយោគទាំងអស់ ហើយកម្ពុជាក៏មានធនធានគ្រប់គ្រាន់ និងមានលក្ខណៈអំណោយផល ទាំងភូមិសាស្រ្ត និងស្ថេរភាពនយោបាយ សន្តិសុខសង្គម ដែលជាកត្តាចម្បង ធានាបាននូវសុវត្ថិភាពក្នុងការងារវិនិយោគ និងគ្មានហានិភ័យ ណាមួយកើតឡើង ចំពោះអ្នកវិនិយោគទុននៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
នៅក្នុងឱកាសនោះផងដែរ ដើម្បីជាចំណងដៃនៃការទំនាក់ទំនងដំបូង លោក សៃយិត ហូស្សេន អាល់ហាបាហ្ស៊ី Dato Seri Syed Hussien Alhabashee សមាជិកសភាពាណិជ្ជកម្មម៉ាឡេស៊ី និងជាអគ្គនាយកក្រុមប្រឹក្សាសាសនាឥស្លាម រដ្ឋសហព័ន្ធម៉ាឡេស៊ី (MAIWP) បានផ្តល់អាហារូករណ៍ ដល់សិស្សនិស្សិតកម្ពុជា ចំនួន២រូប ដើម្បីទៅសិក្សាវគ្គខ្លីនៅប្រទេសម៉ាឡេស៊ី រយៈពេល២ឆ្នាំ លើមុខជំនាញសំខាន់មួយចំនួន ក្នុងនោះមានជម្រើស ផ្នែកជំនាញស្ថាបត្យកម្ម អគ្គិសនី ចុងភៅ កុំព្យូទ័រ កាត់ដេរ និងវិទ្យាសាស្រ្តកុំព្យូទ័រជាដើម។
ការចំណាយលើការសិក្សាខាងលើ រួមមានការស្នាក់នៅ ហូបចុក ធានារ៉ាប់រង វីសា និងថវិកាហោប៉ៅជាដើម គឺជាការរ៉ាប់រង១០០ភាគរយរបស់ MAIWP៕