(ភ្នំពេញ)៖ ស្ដ្រីជនជាតិខ្មែរ ដែលជាថៅកែសណ្ឋាគារមួយរូប នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចេញវីដេអូសុំទោសជាសាធារណៈ ក្រោយរូបគេបានធ្វើការរិះគន់រាជរដ្ឋាភិបាល ដោយផ្ដើមចេញពីជម្លោះរឿងរកស៊ីផ្ទាល់ខ្លួន ជាមួយជនជាតិចិន និងសន្យាថា មិនប្រព្រឹត្តទង្វើខុសឆ្គងបែបនេះ ម្ដងទៀតនោះឡើយ។
ស្ដ្រីរូបនេះ បានជួលសណ្ឋាគាររបស់ខ្លួន ឲ្យទៅជនជាតិចិន ក្នុងតម្លៃ៣ម៉ឺនដុល្លារ រយៈពេល២ឆ្នាំ ប៉ុន្ដែក្នុងអំឡុងពេលរកស៊ីស្រាប់តែជនជាតិចិន មិនគោរពតាមកិច្ចសន្យា និងបង្កភាពរញ៉ែរញ៉ៃបាត់បង់សណ្ដាប់ធ្នាប់ ក្នុងសណ្ឋាគារ ព្រមទាំងខូចខាតសម្ភារមួយចំនួន រហូតធ្វើឲ្យស្ដ្រីរូបនេះកើតចិត្តខឹង និងបានបង្ហោះវីដេអូរិះគន់រាជរដ្ឋាភិបាល។
តាមរយៈវីដេអូសុំទោសស្ដ្រីរូបនេះ បានថ្លែងនូវការអរគុណដល់អាជ្ញាធរ សមត្ថកិច្ចខណ្ឌសែនសុខ និងរាជរដ្ឋាភិបាលកម្ពុជា ដោយខ្លួនមានកំហឹងមួយពេល ទើបមានការនិយាយស្ដីលើសលួស ខណៈដែលរឿងនេះជារឿងរកស៊ីឯកជនផ្ទាល់ប៉ុណ្ណោះ និងសូមឲ្យប្រជាពលរដ្ឋបន្ដគាំទ្ររាជរដ្ឋាភិបាល ដែលតែងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។
ស្ដ្រីម្ចាស់សណ្ឋាគារបាននិយាយយ៉ាងដូច្នេះថា «ថ្ងៃមុនខ្ញុំ Live វីដេអូពាក់ព័ន្ធជាមួយជនជាតិចិន ហើយនិយាយជ្រុលជ្រួសខ្លាំងបំផុតថា ខ្មែរពិបាកណាស់, វិបត្តិផ្លូវចិត្តខ្ញុំរឿងគ្រួសារទេ មិនមែនរឿងមិនឈឺឆ្អាលរបស់អាជ្ញាធរសមត្ថកិច្ចទេ ដល់ពេលចឹងខ្ញុំ Live ទៅវាជ្រុលធ្វើឲ្យមានការយល់ច្រឡំ កិត្តិយសរបស់ប្រទេសជាតិ។ នាងខ្ញុំសុំសំពះម្រាម១០ ហើយក៏សុំទោសថាបើសិនជាពេលនេះ ម៉ោងនេះខ្ញុំដឹងកំហុស»។
គួរជម្រាបថា ក្រោយទទួលបានព័ត៌មានអំពីរឿងហេតុ ជម្លោះរឿងរកស៊ីនេះភ្លាម អាជ្ញាធរខណ្ឌសែនសុខ មានអភិបាលរង អធិការរង និងមេប៉ុស្ដិ៍ជាដើម បានចុះទៅដោះស្រាយជាបន្ទាន់ និងបានណែនាំដល់ស្ដ្រីរូបនេះ មិនគួរ Live វីដេអូរិះគន់រាជរដ្ឋាភិបាលដោយគ្មានហេតុផល បែបនេះបន្ដទៀត ព្រោះថាករណីនេះផ្ដើមចេញពីរឿងរកស៊ីផ្ទាល់ប៉ុណ្ណោះ។
ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់អ្នកដែលយកវីដេអូខាងលើ មុននឹងធ្វើការចែកចាយបន្ដ ត្រូវស្វែងយល់ឲ្យបានច្បាស់លាស់អំពីប្រភពនៃបញ្ហា ជៀសវាងការបន្ថែមបន្ថយនូវខ្លឹមសារ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អាជ្ញាធរមានសមត្ថកិច្ច និងកិត្តិយសរបស់ប្រទេសជាតិទាំងមូល។
យ៉ាងណាក៏ដោយ អាជ្ញាធរក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ នៅពេលមានបញ្ហារឿងការរកស៊ីឯកជន ត្រូវដោះស្រាយរវាងគ្នានឹងគ្នា ហើយមិនដូច្នេះទេ ត្រូវសុំកិច្ចអន្ដរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធ ហើយបើអាជ្ញាធរមិនដោះស្រាយទេ សុំបង្ហោះសាររិះគន់តាមបណ្ដាញសង្គម ដើម្បីមានដំណោះស្រាយ ជៀសវាងកើតរឿងដូចករណីនេះ ពោលជនរងគ្រោះមិនទាន់បានទៅជួបអាជ្ញាធរផង បែរជាបង្ហោះថាអាជ្ញាធរមិនជួយទៅវិញ៕