(ភ្នំពេញ)៖ លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន៧ និងបានកៀរគរទុនសរុប បានចំនួនជាង ១៣០លានដុល្លារអាមេរិក ក្នុងការប្រមូលមូលធន។
ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កញ្ចប់អត្ថប្រយោជន៍ពិសេសពីធនាគារ កាណាឌីយ៉ា ក.អ សម្រាប់ក្រុមហ៊ុនចុះបញ្ជី នៅផ្សារមូលបត្រកម្ពុជា។ ពិធីនេះ បានរៀបចំធ្វើឡើង នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក ហុង សុហួរ បានបញ្ជាក់ ថា «បើនិយាយពីការប្រមូលមូលធននេះ ក្រុមហ៊ុនចុះបញ្ជីចំនួន៧ របស់យើង ដែលបានកៀរគរទុន សរុបបានចំនួនជាង១៣០លានដុល្លារអាមេរិក ដែលក្នុងនោះ ក្រុមហ៊ុនចំនួន៥ បានចុះបញ្ជីជាភាគហ៊ុន ដោយបានកៀរគរទុនសរុបជាង ៨០លានដុល្លារអាមេរិក ហើយក្រុមហ៊ុនចំនួន២ទៀត បានចុះបញ្ជីសញ្ញាបណ្ណ ដោយបានប្រមូលទុនប្រមាណ ៥០លានដុល្លារអាមេរិក»។
អគ្គនាយកផ្សារមូលបត្រកម្ពុជា បានបន្ថែមថា ផ្សារមូលបត្រកម្ពុជា ក៏នឹងមានក្រុមហ៊ុនជាច្រើនទៀត ដែលអាចរៀបចំខ្លួនរួចរាល់ ដើម្បីបោះផ្សាយមូលបត្រ ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។ លោកបានអះអាងថា នេះបានបង្ហាញពីការចាប់ផ្តើមដ៏ល្អ និងភាពរីកចម្រើន នៃទីផ្សារប្រកបដោយស្ថេរភាព។
លោក ហុង សុហួរ ក៏បានឲ្យដឹងទៀតថា ការជួញដូរក្នុងទីផ្សារមូលបត្រកម្ពុជា ក្នុងពេលថ្មីៗនេះ ទៀតសោធ ក៏កាន់តែមានភាពសកម្ម និងទាក់ទាញ ដោយទំហំជួញដូរប្រចាំថ្ងៃ ជាមធ្យមរបស់ផ្សារមូលបត្រ បានកើនឡើង ដល់ជាង១៨ម៉ឺនហ៊ុន ឬ ៥៦ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ សម្រាប់ត្រីមាសទីពីរឆ្នាំ ២០១៩នេះ។ ចំនួនវិនិយោគិនរបស់ផ្សារមូលបត្រ ក៏កើនដល់ជាង២១ពាន់នាក់ផងដែរ។
លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានឲ្យដឹងថា កញ្ចប់អត្ថប្រយោជន៍ពិសេស នេះ នឹងផ្តល់ជូនក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ព្រមទាំងបុគ្គលិក ដែលបាននិងកំពុងបម្រើការ ក្នុងក្រុមហ៊ុនចុះបញ្ជី ទាំងនេះសុទ្ធតែជាសញ្ញាណវិជ្ជមានសម្រាប់វិស័យមូលបត្រ និងវិស័យធនាគារ ហេតុដូចនេះ លោកសង្ឃឹមយ៉ាងមុតមាំថា វិស័យទាំងពីរ នៅតែបន្តសហការគ្នាជាធ្លុងមួយ និងអនុគ្រោះគ្នាទៅវិញទៅមក។
បើតាមលោក រ៉េយម៉ុន សៀ សាយ ហ្គន នាយកប្រតិបត្ដិធនាគារកាណាឌីយ៉ា ក.អ បានគូសបញ្ជាក់ថា ធនាគារ កាណាឌីយ៉ា បានរៀបចំកញ្ចប់ពិសេស ដោយមានការរួមបញ្ចូលនូវអត្ថប្រយោជន៍ និងលក្ខខណ្ឌទាក់ទាញ ព្រមទាំងការប្រាក់ប្រកួតប្រជែង ជូនដល់ក្រុមហ៊ុនចុះបញ្ជីទាំងអស់។
ក្នុងនាមជាធនាគារធំមួយក្នុងស្រុក លោកជឿជាក់យ៉ាងម៉ុតមាំ នៅក្នុងការគាំទ្រប្រព័ន្ធសេដ្ឋកិច្ចរបស់អតិថិជន ដែលមានន័យថា ធនាគារ កាណាឌីយ៉ា ចង់ធ្វើការផ្តល់សេវាធនាគារ ជូនដល់ក្រុមហ៊ុន បុត្រសម្ព័នព្រម ទាំងនិយោជិករបស់ពួកគាត់ផងដែរ។
គូសបញ្ជាក់ថា ការផ្តល់ជូននូវកញ្ចប់អត្ថប្រយោជន៍ពិសេសនេះ រំពឹងថា នឹងអាចចូលរួមចំណែកសម្រួល ដល់ការគ្រប់គ្រងសាច់ប្រាក់ របស់ក្រុមហ៊ុន។ លើសពីនេះ កញ្ចប់អត្ថប្រយោជន៍ពិសេសនេះ ក៏នឹងមានផ្តល់ជូន ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនចុះបញ្ជី ព្រមទាំងបុគ្គលិកពេញម៉ោង របស់ក្រុមហ៊ុនទាំងអស់នេះផងដែរ៕