(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដាក់វិធានការចំនួន៥ ដើម្បីឲ្យមន្ត្រីរាជការរបស់ខ្លួនអនុវត្ត នៅក្នុងឆមាសទី២ ឆ្នាំ២០១៩ បន្ទាប់ពីការងារនៅឆមាសទី១ ឆ្នាំ២០១៩នេះ បានអនុវត្តចប់សព្វគ្រប់ហើយនោះ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដាក់វិធានការនេះ នៅក្នុងឱកាសដែលក្រសួងរ៉ែ និងថាមពល បិទពិធីប្រជុំ បូកសរុបលទ្ធផលការអនុវត្តការងារឆមាសទី១ តម្រង់ទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ កម្មវិធីការងារឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។
លោក ស៊ុយ សែម បានថ្លែងថា «យើងនៅមានកិច្ចការដែលត្រូវធ្វើបន្តខាងមុខទៀតជាច្រើនទៀត សម្រាប់ឧត្តមប្រយោជន៍របស់ប្រជាជនយើង ស្របតាមផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម និងកម្មវិធីការងារឆ្នាំ២០២០ ដែលខ្ញុំសូមអនុម័តទាំងស្រុងនៅពេលនេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ស្នើសុំឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងរ៉ែ និងថាមពល គ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តកំណែទម្រង់ផ្ទៃក្នុង និងអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ទន្ទឹមនឹងនេះ លោកបានកត់សម្គាល់ និងសង្កត់ធ្ងន់លើទិសដៅ និងវិធានការសំខាន់ៗ ចំនួន៥បន្ថែមទៀត ដូចខាងក្រោម៖
១៖ បន្តការពង្រឹង និងបង្កើតសមត្ថភាពស្ថាប័ន និងការលើកទឹកចិត្តមន្ត្រីរាជការគ្រប់ជាន់ថ្នាក់
២៖ បន្តយកចិត្តទុកដាក់ លើការងារវិមជ្ឈការ និងវិសហមជ្ឈការ និងពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ដើម្បីប្រមូលកម្លាំងសរុបក្នុងការគ្រប់គ្រងវិស័យរ៉ែ និងថាមពល ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល
៣៖ បន្តខិតខំបង្កើនលទ្ធភាព កៀរគរចំណូលមិនមែនសារពើពន្ធ
៤៖ បន្តពង្រឹងប្រសិទ្ធភាពក្នុងការលុបបំបាត់ សកម្មភាពអាជីវកម្មរ៉ែអនាធិបតេយ្យ គ្រប់ប្រភេទ
៥៖ បន្តខិតខំពង្រីកបន្ថែមទៀត នូវលទ្ធភាពឆ្លើយតបបណ្តឹងតវ៉ា ពាក់ព័ន្ធនឹងវិស័យរ៉ែ និងថាមពល និងការយកចិត្តទុកដាក់ក្នុងការបង្កើនប្រសិទ្ធភាពការងារ ទំនាក់ទំនងសាធារណៈ។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០១៩ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ ថាមពល និងប្រេងកាត បានចំនួន ៤៥,៥៣ពាន់លានរៀល ឬជាង១១លានដុល្លារអាមេរិក ស្នើនឹង៥៥,១៦% នៃច្បាប់ហិរញ្ញវត្ថុ៕